បាត់ដំបងៈ រថយន្តជាច្រើនគ្រឿង បានសម្រុកដណ្តើមគ្នាជែងត្រង់ចំណុចផ្លូវកោង
រហូតបង្កអោយមានមនុស្សម្នាក់ត្រូវរថយន្តកិនស្លាប់ និងម្នាក់ទៀតរងរបួសផងដែរ
បន្ទាប់ពីរថយន្តទាំងអស់នេះបានធ្វើដំណើរស្របទិសគ្នា ហើយនាំគ្នាឡើងជែងជាបន្ត
បន្ទាប់ ក៏បានជ្រុលចង្កូតទៅបុកកន្ទុយគ្នា ធ្វើអោយមានការកកស្ទះចរាចរណ៍យ៉ាងយូរ
នៅលើកំណាត់ផ្លូវជាតិនេះ ។យោងតាមប្រភពដែលនៅក្បែទីតាំងកើតហេតុបាននិយាយថា នៅវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តចំនួន៣គ្រឿង និងម៉ូតូ១គ្រឿង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុគឺមានគោយន្តច្នៃមួយគ្រឿង ដែលមាន
មុខរបរដឹកទឹកលក់នៅតាមភូមិ និងបើកបរដោយឈ្មោះ បួរ ក្រួច ភេទប្រុស អាយុ៤៤ឆ្នាំ
រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បានបើកបរយឺតៗក្នុងទិសដៅពីលិចទៅកើត ។
គេបានបន្តទៀតថា លុះទៅដល់ត្រង់ចំណុចផ្លូវកោងស្រាប់តែមានរថយន្តមួយគ្រឿង
ជាប្រភេទតួរីស VIP ដែលកំពុងបើកបរស្របទិសពីខាងក្រោយ បានឡើងជែងគោយន្តច្នៃ
ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក៏មានរថយន្តកាម៉ាស់មួយគ្រឿងទៀត ដែលបើកមក
ពីខាងក្រោយក៏មានបំណងឡើងជែងបន្ថែមទៀតពៅលើរថយន្តតួរីស ទើបជ្រុលទៅបុក
គូទរថយន្តតួរីសយ៉ាងខ្លាំង ធ្វើអោយរថយន្តតួរីសជ្រុលទៅបុកពីក្រោយគោយន្តច្នៃ
យ៉ាងពេញទំហឹង ធ្វើអោយអ្នកបើកគោយន្តច្នៃធ្លាក់ចុះពីលើគោយន្តចំកណ្តាលថ្នល់
ពេលនោះកង់រថយន្តដែលទៅពីក្រោយកិនតែម្តង ធ្វើអោយអ្នកបើកបររូបនោះស្លាប់
នៅនឹងកន្លែងកើតហេតុ មិនត្រឹមតែប៉ុណ្ណោះទេ ម៉ូតូមួយគ្រឿងដែលកំពុងបើកបរមក ពីមុខក្នុងទិសដៅច្រាស់គ្នា បានខំប្រឹងគេចរហូតធ្លាក់ផ្លូវក៏ត្រូវគោយន្តច្នៃដែលកំពុងត្រូវបាន
រថយន្តរុញពីក្រោយទៅបុកហើយកិនពីលើម៉ូតូនោះ និងធ្វើអោយអ្នកបើកបររងរបួស
បន្តិចបន្ទួចផងដែរ ។
ក្រោយពេលកើតហេតុ និងមុនពេលដែលសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសង្កែ
ចុះទៅដល់ គឺអ្នកបើកបររថយន្តកាម៉ាស់បានរត់គេចខ្លួនបាត់ទៅហើយ ដោយសារតែ
រថយន្តនេះគឺជាអ្នកបង្កហេតុ ហើយបច្ចុប្បន្ន មធ្យោបាយធ្វើដំណើរទាំងអស់ត្រូវបាន
ប្រគល់ទៅអោយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តជាអ្នកដោះស្រាយ ហើយសពក៏
ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយដែរ ៕