ខេត្តព្រះសីហនុ៖ ទោះជាមមាញឹកក្នុងការងារយ៉ាងណាក្តី នៅថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងសហការី បន្ទាប់ពីបានធ្វើពិធីប្រគល់ស្រះទឹកជូនប្រជាពលរដ្ឋ នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ រួចមក ក៏បានបន្តដំណើរមកកាន់សាលាអនុវិទ្យាល័យដូងប្រេងតានៃ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខក្មួយៗសិស្សានុសិស្សជាច្រើននាក់ ។ ព្រមទាំងនាំយកទៅជាមួយ មាននំប៉័ង និង សម្ភារៈសិក្សាជាច្រើនមុខ ទៅចែកជូនក្មួយៗនៅទីនោះ ព្រមទាំងនាំយក មកប្រគល់ជូនសាលា មានបង់ថ្មចំនួន២កំផ្លេផងដែរ។
ក្នុងឱកាសនោះគេសង្កេតឃើញទឹកមុខ សិស្សានុសិស្សទាំងអស់សំដែងនូវការស្វាគមន៍ដោយក្តីរីករាយបំផុត ។
លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើឲ្យក្មួយៗ ទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូអ្នកគ្រូជៀសវាងឲ្យបាន នូវគ្រឿង អបាយមុខផ្សេងៗ។ លោកស្នងការបានជំរាបថា ៖ ដោយសារនៅស្នងការដ្ឋាននគរបាលខេត្ត មិនសូវមានប្រេងឥន្ធនៈប្រើប្រាស់គ្រប់គ្រាន់ ប៉ុន្តែយើងមានដំណឹងល្អមួយ ដោយមានសប្បុរសជនម្នាក់គាត់ជួយឧបត្ថម្ភប្រេង សម្រាប់ចាក់រថយន្តដឹកសិស្ស បន្តទៀតក្នុងមួយខែចំនួន៦០០លីត្រ សប្បុរសជនរូបនោះ គឺលោកឧកញ៉ាទៀ វិចិត្រ។