កំពង់ស្ពឺ៖ នៅព្រឹកព្រលឹមថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៦នេះលោក ប៊ុន សម្បត្តិ នាយផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋបានដឹកនាំកំលាំងចុះបង្ក្រាបទីតាំងអារឈើលួចលាក់ដែលរងការចោទប្រជាពលរដ្ឋក្នុងមូលដ្ឋានថាជាកន្លែងដុះស្លែរយូរឆ្នាំតែមិនមានការបង្ក្រាប ។ លោក ប៊ុន សម្បត្តិ នាយផ្នែកព្រៃឈើបរសេដ្ឋបានឲ្យដឹងថា កំលាំងបានចុះជាបន្ទាន់ដល់ទីតាំងអារឈើដែលលួចលាក់ និងបានរកឃើញដែករ៉ៃរណាយន្ត ឈើដុលចំនួន០២ដុលដែលពួកគេបានលើករត់មិនទាន់ ។ នាយផ្នែកដដែលបាននិយាយទៀតថា ម្ចាស់ទីតាំងក្រោយពីបានលើកម៉ាស៊ីនរត់ ហើយថែមទាំងបានយកឈើមួយចំនួនលាក់ហើយកំលាំងកំពង់ស្វែងរក ដោយឡែកសម្ភារៈដែលនៅសេសកំលាំងបាននាំយកមករក្សាទុកនៅសង្កាត់មេព្រៃបរសេដ្ឋ ។
សូមរំលឹកថារោងម៉ាស៊ីនអារឈើ ប្រភេទរណាបញ្ឈមួយកន្លែង រងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋគឺក្នុងភូមិព្រៃខ្លា ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយរោងម៉ាស៊ីននេះ បានដឹកឈើទាំងមូលៗ រាប់រយកំណាត់យកទៅអារជាក្តារយ៉ាងគគ្លើន សម្រាប់លក់នៅទីផ្សារ តែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកបរសេដ្ឋ និងមន្ត្រីសមត្ថកិច្ចផ្សេងៗមួយចំនួនទៀត បែរជានាំគ្នាបិទភ្នែកមិនចាត់វិធានការអ្វីសោះ ដែលម្ចាស់រោងម៉ាស៊ីននេះ ជាមន្ត្រីជំទប់ឃុំទៀត។
យោងតាមការផ្ដល់ដំណឹងពី ពលរដ្ឋជាអ្នករស់នៅមូលដ្ឋាននោះ ដែលទទួល បានឱ្យដឹងថា ឈ្មោះ លី ជាសមាជិកក្រុមប្រឹក្សាឃុំនេះ បានបើករោងអារឈើ ជាយូរមកហើយ ហើយជាញឹកញាប់តែងតែឃើញមានមនុស្សចេញចូលរៀងរាល់ថ្ងៃ ដោយមានរថយន្ត មានម៉ូតូ ដែលមើលទៅទំនងជាមកយកលាភសក្ការៈ ពីម្ចាស់រោងម៉ាស៊ីននេះ។
ពលរដ្ឋបានបន្តថា «ម្ចាស់រោងម៉ាស៊ីន ឈ្មោះ លី តែងតែក្អេងក្អាង ថាគេមិនខ្លាចនណាទេ ពីព្រោះគេបានបោះទន់ចាយលុយដល់សមត្ថកិច្ចអស់ហើយ ដូចនេះគ្មាននរណាហ៊ានប៉ះពាល់គាត់នោះទេ»។
ប្រជាពលរដ្ឋបានលើកឡើងថា មន្ត្រីសង្កាត់រដ្ឋបាលឈើស្រុកបរសេដ្ឋ មិនគួរណាបណ្តែតបណ្តោយឲ្យមានបទល្មើស នៅកណ្តាលវាលបែបនេះទេ ហើយម្ចាស់រោងម៉ាស៊ីនរូបនេះ ត្រូវបានគេដឹងថា បានរកស៊ីដុះស្លែរាប់ឆ្នាំមកហើយ និងត្រូវបានគេដឹងថា រត់ការបង់លុយគ្រប់ជំនាញរាល់ខែ ទើបទីតាំងនេះមិនមានអ្នកណាចុះបង្ក្រាបបាននោះទេ ជាពិសេសមន្ត្រីជំនាញនៅទីនោះផ្ទាល់តែម្តង។ក្រោយមានផ្សព្វផ្សាយបែបនេះកំលាំងជំនាញដែលដឹកនាំដោយលោក ប៊ុន សម្បត្តិ ជានាយផ្នែកដុតដៃដុតជើងបង្ក្រាប និងបានណែនាំដល់មន្ត្រីសង្កាត់ព្រៃឈើទាំងអស់បន្តយកចិត្តទុកដាក់បង្ក្រាបកុំឲ្យកើតមានដូចករណីខាងលើនេះទៀត ៕