ខេត្តកំពង់ឆ្នាំង៖ ដីចំណុចស្រះស្រែប្រាំធាន ក្រោយមន្ទីរសុរិយោដីខេត្ត ស្តិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការអនុញ្ញាត ពីលោក មេភូមិធម្មយុត្តិនិងលោក សិដ្ឋ សុខរិន ចៅសង្កាត់ប្អេរ ប្រជាពលរដ្ឋជាម្ចាស់ដីទាំង៦គ្រួសារមានក្បាលដី៦៨ម បាននាំគ្នាជួលរថយន្តដឹកដីចាក់ ដើម្បីធ្វើលំនៅដ្ឋានអោយកូនចៅស្នាក់នៅ ប៉ុន្តែត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តចុះមកឃាត់ ដោយប្រាប់ថា លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ចេញបញ្ជារមិនអោយចាក់ដីទេ បើចង់ចាក់ដីត្រូវមានលិខិតស៊ីញ៉េពីគាត់ ព្រោះដីទាំងនេះជាដីរដ្ឋ។ ទាក់ទងនិងរឿងនេះ លោក ញ៉ែម ធា និងលោក អ៊ួន ឆេងលី ជាមន្ត្រីយោធាចូលនិវត្តន៍ រស់នៅក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង តំណាងម្ចាស់ដីទាំង៦គ្រួសារបានរៀបរាប់អោយក្រុមអ្នកយកព័ត៌មានដឹងថា៖ (លោក ញ៉ែម ធា) នៅក្នុងឆ្នាំ១៩៨០គាត់ជាមន្ត្រីយោធាខេត្ត បានមកធ្វើផ្ទះស្នាក់នៅលើ
ដីចំណុចនេះ ដោយមានការដឹងឮពីអាជ្ញាធរភូមិសង្កាត់ត្រឹមត្រូវ កិតមកដល់ពេលនេះរយះពេល៣៦ឆ្នាំហើយ។ មកដល់ពេលនេះមានប្រជាពលរដ្ឋចំនួន១៥គ្រួសាររស់នៅកាប់កាប់ ក្នុងនោះ៩គ្រួសារបានសង់ ផ្ទះស្នាក់នៅ និង៦គ្រួសារទៀតបានកាន់កាប់អាស្រ័យ និងបានបង់ពន្ធលើដីទំនេរជូនរដ្ឋទៀតផង។
លោក ញ៉ែម ធា បន្តថា៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ លោកនិងប្រជាពលរដ្ឋទាំង១៥គ្រួសារបានស្នើសុំអោយមន្ត្រីសុរិយោដីក្រុងកំពង់ឆ្នាំងចុះមកវាស់វែងដីទាំងនោះ ផ្នែកខាងក្រោយ ដើម្បីចែកកូន ៗធ្វើជាកម្មសិទ្ធស្របច្បាប់។ នៅក្នុងកំណត់ហេតុចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ ក្រុមការងាររបស់ក្រុងកំពង់ឆ្នាំងបានធ្វើការប្រជុំទាក់ទងនិងការស្នើសុំធ្វើបណ្ណ័កម្មសិទ្ធលើដីនេះទាំង១៥គ្រួសារ នៅក្នុងកំណត់ហេតុនេះ ក្រុមការងារបានបញ្ជាក់ជូនលោកអភិបាលខេត្តថា៖ គួរតែប្រគល់ដីនេះអោយប្រជាពលរដ្ឋ១៥គ្រួសារ ដែលបានស្នើសុំធ្វើជាកម្មសិទ្ធ ព្រោះមិនមែនជាដីនៅក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋឡើយ។
ដោយឡែកនៅក្នុងរបាយការណ៍លេខ៤៤ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ របស់លោក កែវ
សឿងសោភណ័ ប្រធានមន្ទីរ ដ ន ស ស ខេត្ត រាយការណ៍ជូនលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្ត បានបញ្ជាក់ថា៖ ពីមុនមកដីដែលប្រជាពលរដ្ឋចំនួន១៥គ្រួសារស្នើសុំនេះជាដីរដ្ឋ តាមស្ថានភាពផ្លូវច្បាប់គួរផ្តល់ជូនជាកម្មសិទ្ធអោយប្រជាពលរដ្ឋបានកាន់កាប់ស្នាក់នៅ និងប្រើប្រាស់ចំនួន៩គ្រួសារ ចំណែក៦គ្រួ សារទៀតដែលបានកាន់កាប់តែមិនបានប្រើប្រាស់ គួររក្សាទុកជាដីរដ្ឋ។
លោក ញ៉ែម ធា និងលោក អ៊ួន ឆេងលី បានបញ្ជាក់អោយដឹងទៀតថា៖ កន្លងមករឿងនេះលោកបានធ្វើលិខិតជូនសម្តេច ហ៊ុន សែន និង ឯកឧត្តម ជា សុផារា រដ្ឋមន្ត្រីក្រសួង ដ ន ស ស សុំអោយជួយអន្តរាគមន៍អោយអាជ្ញាធរខេត្ត ប្រគល់ដីដែលពួកគាត់បានកាន់កាប់រយះពេល៣៦ឆ្នាំនេះ ជាកម្មសិទ្ធស្របច្បាប់អោយពួកគាត់ផង។ ចំណែកការហាមឃាត់មិនអោយពួកគាត់ចាក់ដី ដែលពួកគាត់បានកាន់កាប់នេះ នៅព្រឹកថ្ងៃទី០៦ ខែកក្កដានេះ គឺលោក ឈួរ ចន្ទ័ឌឿន បានចេញបញ្ជារតែមាត់ គ្មានលិខិតស្នាមអ្វីជាផ្លូវការណ៍ឡើយ គឺគ្នានតម្លាភាព និងគ្មាយុត្តិធម៌សំរាប់ពួកគាត់ឡើយ។ ព្រោះថាដីមួយកន្លែងទៀតជាប់ជាមួយដីពួកគាត់នេះ កន្លងមកមានគេចាក់ដីបានដោយរលូនគ្មានអ្នកណាហាមឃាត់ឡើយ។
រឿងនេះពួកគាត់សំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី មេត្តាជួយបញ្ជូនក្រុមអធិការកិច្ចចុះមកស្រាវជ្រាវដោះស្រាយផង។ ម្យ៉ាងទៀតប្រជាពលរដ្ឋដឹងថា ដីរដ្ឋច្រើនកន្លែងណាស់ ដូចជាដីមន្ទីរសពកងទ័ពទួលក្រឡាញ់ ដីបន្ទាយស្វាយជ្រុំចាស់ ដីបន្ទាយទាហ៊ានតាមស្រុក មួយចំនួនបានក្លាយទៅជាកម្មសិទ្ធអ្នកធំអស់ហើយសូមជួយគិតគូរផង៕