បាត់ដំបងៈ ច្រកបឹងឆ្នាំង ឬច្រកព្រះពុទ្ធ គឺជាច្រករបៀងមួយដែលស្ថិតក្នុង ឃុំបឹងរាំង
ស្រុកកំរៀង ខេត្តបាត់ដំបង ហើយក៏ជាច្រកមួយសំបូរដោយការនាំចេញនូវប្រភេទ
មាន់ថៃមិនប្រក្រតីចេញពីទឹកដីថៃឆ្លងដែន ចូលមកកម្ពុជាផងដែរ ដែលក្នុងនោះទំនង
ជាមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងមេឈ្មួញធំៗដែលមានកៅអី ឬក៏ខ្នងបង្អែកយ៉ាងរឹងមាំ
ជាមួយនឹងក្រុមជំនាញផងដែរ ទើបពួកគេអាចនាំសត្វមាន់នេះចូលមកក្នុងទឹកដីស្រុកកំរៀងក្នុងពេលរាត្រីបានយ៉ាងរលូនបែបនេះ ។យោងតាមប្រភពមួយចំនួនដែលរស់នៅក្នុងតំបន់នោះបានលួចខ្សិបកម្ពុជាថ្មីថា ជាទូទៅរថយន្តដែលដឹកសត្វមាន់ថៃឆ្លងដែនចូលមកកម្ពុជា គឺភាគច្រើនក្រុមឈ្មួញបានប្រើប្រាស់
សុទ្ធតែប្រភេទរថយន្តយីឌុបដើម្បីដឹកជញ្ជូនអោយបានច្រើនក្នុងមួយជើងៗ ហើយស្ទើរតែ
មួយយភាគរយដែលរថយន្តទាំងអស់ត្រូវធ្វើដំណើរឆ្លងដែនក្នុងពេលយប់ ដោយកម្រមាន
ឆ្លងដែននៅពេលថ្ងៃណាស់ ដែលទាំងអស់នេះហើយជាប្រភពនៃភាពមិនប្រក្រតី ។
ប្រភពដដែលបានបន្តទៀតថា តាមពិតក្រុមឈ្មួញទាំងនេះសុទ្ធតែមានច្បាប់ទម្លាប់
ត្រឹមត្រូវ ចុះហេតុអ្វីបានជាគេលួចចេញមាន់នៅពេលយប់តាមច្រករបៀងទៅវិញ ? ហេតុអ្វី
បានជាពួកគេមិនព្រមធ្វើដំណើរតាមច្រកអន្តរជាតិដូង ? ធាតុពិតវាគឺជាការបន្លំភ្នែកមួយ
ពីសំណាក់ក្រុមឈ្មួញទាំងនេះដើម្បីកេងយកផលចំណេញ ព្រោះវាអាចលើសពីចំនួន
ដែលបានកំណត់ក្នុងច្បាប់អនុញ្ញាត ទើបបានជាគេធ្វើបែបនេះ ។
ប្រភពច្បាស់ការណ៍ទាំងនេះបានបញ្ជាក់បន្ថែមថា ក្នុងមួយខែៗរថយន្តប្រភេទយីឌុប
ដែលបានដឹកជញ្ជូនមានថៃចូលមកកម្ពុជា គឺប្រមាណជិតមួយរយគ្រឿង ដើម្បីយកមក
ចែកចាយនៅក្នុងខេត្តផង និងតាមបណ្តាខេត្តមួយចំនួនដែលនៅក្បែខាងផងដែរ ដែលផ្ទុយ
ទៅនឹងច្បាប់ដែលបានកំណត់ ហើយម្យ៉ាងទៀតមេឈ្មួញធំៗគឺសុទ្ធសឹងតែជាមន្ត្រីរាជការ
ដែលមាននាទីជាអភិបាលរងខេត្តក៏មានដែរ ដោយគ្រាន់តែមិនហ៊ានឈរឈ្មោះតែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ថ្មីៗនេះគេសង្គេតឃើញថាមានបុគ្គលម្នាក់ដែលមានការងារជាមន្ត្រីរាជការឲនៅក្នុងខេត្តបាត់ដំបង បានរត់ឆ្លេឆ្លា និងឆ្កាដៃឆ្កាជើងសុំកុំអោយអ្នកសារព័ត៌មានធ្វើការ
វាយប្រហារទៅលើច្រកមួយនេះ ដោយសារតែរូបគេក៏មានចំណែកភាគហ៊ុននៅក្នុងការ
ដឹកជញ្ជូនមានថៃចូលមកកម្ពុជា មួយចំណែកដែរ ដែលធ្វើអោយបាត់បង់អស់នូវសេចក្តី
ថ្លៃថ្នូ និងកិត្តិយសជាមន្ត្រីរាជការ ។
ដោយឡែកប្រភពមួយផ្សេងទៀតដែលរស់នៅក្នុងខេត្តក៏បានអះអាងថា មាន់ថៃទាំងនេះ
គឺគេអាចយកមកបន្លំភ្នែក ដោយធ្វើការដឹកជញ្ជូនចូលទៅតាម កសិដ្ឋានចិញ្ចឹមមាន់
រួចទើបគេចាប់ដឹកចេញទៅតាមស្តង់នានាដើម្បីអោយគេដឹងថាគឺជាមាន់ដែលគេបាន
ចិញ្ចឹមនៅក្នុងស្រុក ។បើយ៉ាងដូច្នេះមែន ថវិកាជាតិប្រាកដជាធ្លាក់ចុះមួយផ្នែក ដោយសារតែការលែងល្បែងឆ្ពិនភ្នែក របស់បណ្តាក្រុមឈ្មួញទាំងនេះជាក់ជាមិនខាន ៕