​យុវជន​ម្នាក់ ដើរ​ឃ្វាលគោ​នៅក្នុង​ព្រៃ ជាន់មីន​ប្រភេទ​ស្មាច់ បណ្តាលឱ្យ​ផ្ទុះ​ដាច់​ជើងឆ្វេង

0

ខេត្តប៉ៃលិន ៖ យុវជនម្នាក់រងរបួសដាច់ជើងឆ្វេង បណ្តាលឱ្យហូរឈាមស្ទើរខ្សោះពីខ្លួនស្លាប់ ខណៈដើរឃ្វាលគោនៅក្នុងព្រៃ ស្រាប់តែជាន់លើមីនប្រភេទស្មាច់ បណ្តាលឱ្យផ្ទុះរងរបួសដាច់ជើងតែម្តង ។ ភ្លាមៗនោះជនរងគ្រោះ ត្រូវបានអ្នកជិតខាងឃើញរាយការណ៍ជូនសមត្ថកិច្ច និងក្រុមគ្រួសារឱ្យដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តប៉ៃលិន តែដោយសាររបួសធ្ងន់ធ្ងរពេក ទើបត្រូវគេបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភ្នំរាំង ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីលោក គង់ ណន អធិការរង ស្រុកសាលាក្រៅ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរឃ្វាលគោនៅក្នុងព្រៃខាងលើ ដូចសព្វមួយដង តែដោយសារភ្លៀងធ្លាក់ជាញឹកញាប់ បណ្តាលឱ្យដីនៅកន្លែងព្រៃនោះសើមហើយទន់ លុះដើរជាន់ទៅលើដីមានគ្រាប់មីនដែលសេសសល់ពីសម័យសង្គ្រាម ក៏ស្រាប់តែផ្ទុះ បណ្តាលឱ្យរបួសធ្ងន់តែម្តង ។ ប្រភពព័ត៌មានបន្តទៀតថា ជនរងគ្រោះមាន ឈ្មោះ ភុំ ភួង ភេទប្រុស អាយុ19ឆ្នាំ ជាកសិករ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។ ប្រភពដដែលបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ ខណៈអ្នកដែលនៅក្បែរនោះទៅឃ្វាលគោជាមួយដែរ ក៏ឮសូរផ្ទុះយ៉ាងកក្រើក រួចរត់ទៅមើលទើបដឹងថាជាជនរងគ្រោះ ហើយភ្លាមៗនោះ ក៏រាយការណ៍ជូនកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាលាក្រៅ ឱ្យចុះទៅដល់កន្លែងកើតហេតុ និងជួយអន្តរាគមន៍ ហៅរថយន្យសង្គ្រោះដើម្បីដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ធ្វើការសង្គ្រោះបន្ទាន់ ។សូមបញ្ជាក់ផងដែរថា នៅដើមឆ្នាំ២០១៦នេះ ទើបតែមានករណីផ្ទុះគ្រាប់មីនដែលសេសសល់ពីសម័យសង្គ្រាមលើកទី១ បណ្តាលឱ្យរងរបួស ៕ រូបថត- ប៉ៃលិន (4) រូបថត- ប៉ៃលិន (3) រូបថត- ប៉ៃលិន (2) រូបថត- ប៉ៃលិន (1)