​ទោច​ម្កុដ​នៅ​អង្គរ​បង្កើត​បានកូន​២​ក្បាល​ហើយ​

0

សៀមរាប៖វត្តមានរបស់សត្វទោចម្កុដ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក ហើយត្រូវអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) យកមកព្រលែងនៅក្នុងរមណីយដ្ឋានអង្គរ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ ឥឡូវនេះបង្កើតបានកូន២ក្បាលហើយ។ទោចម្កុដមួយគូដែលបានព្រលែងកាលពីឆ្នាំ២០១៣បង្កើតបានកូនមួយក្បាល ដែលបច្ចុប្បន្នមានអាយុ១ឆ្នាំហើយ។ ចំណែកមួយគូទៀត ដែលទើបតែព្រលែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ក៏បង្កើតបានកូនមួយក្បាលដែរ ហើយទើបតែមានអាយុ១ខែប៉ុណ្ណោះ។

ដូច្នេះ រមណីយដ្ឋានអង្គរដែលជាដួងព្រលឹងជាតិ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងទទួលបានស្តាប់នូវសំឡេងដ៏ពីរោះ និងលន្លង់លន្លោចបន្ថែមទៀតបន្ទាប់ពីការបាត់វត្តមានរបស់សត្វទោចនេះអស់ជិត១សតវត្សកន្លងមក។

គួររំឭកថា តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក រមណីយដ្ឋានអង្គរធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ដោយឡែក សត្វព្រៃប្រភេទទោចម្កុដនេះក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ ប៉ុន្តែក្នុងចន្លោះនៃសង្គ្រាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។ ក្នុងគម្រោងស្តារឡើងវិញនូវព្រៃឈើ និងសត្វព្រៃក្នុងឧទ្យានអង្គរអាជ្ញាធរជាតិគ្រោងនឹងនាំយកប្រភេទសត្វកម្រផ្សេងៗ មកព្រលែងក្នុងព្រៃអង្គរឲ្យបានច្រើនដើម្បីលើកតម្លៃទេសភាពវប្បធម៌និងធម្មជាតិក្នុងតំបន់អង្គរឲ្យកាន់តែវិសេសវិសាលថែមទៀត៕FB_IMG_1467884711862-1 FB_IMG_1467884702525-1 FB_IMG_1467884690595-1