ខេត្តកំពត ៖ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តបឹងលំពូ ភូមិបឹងធំខាងលិច ឃុំអង្គសុភី ស្រុកកំពង់ត្រាច គ្រោងធ្វើស្ពានតូចមួយសម្រាប់ឆ្លងបឹងលំពូ ប្រវែង១៣០ម៉ែត្រ ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាតឱ្យធ្វើនោះទេ ។
លោក វ៉ែន ម៉ៅ ប្រធានគណៈកម្មការវត្តលំពូ បានប្រាប់ឱ្យដឹងថា ទំនប់បឹងលំពូ នេះមានប្រវែងប្រមាណ៤០០ម៉ែត្រសម្រាប់ធ្វើដំណើរឆ្លងកាត់បឹងលំពូ ចូលមកវត្តឬទៅផ្សារកំពង់ត្រាចក៏បានដោយមនុស្សរាប់រយនាក់ ធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ ។ ប៉ុន្តែទំនប់ប្រវែង១៣០ម៉ែត្របានខូចខាតមិនអាចធ្វើដំណើរឆ្លងកាត់បាន ជាពិសេសនៅរដូវវស្សាដែលមានទឹកពេញពោរបឹងតែម្តង ។
តាមការពិនិត្យឃើញថា នៅលើខ្នងទំនប់មានចាក់បេតុងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរដែរ តែសម័យប៉ុល ពត ត្រូវបានវាយបំផ្លាញអស់រហូតមកដល់បច្ចុប្បន្ននៅតែលំបាកឆ្លងកាត់ ។
ព្រះតេជគុណទៀប ភឿន ចៅអធិការវត្តលំពូ មានថេរដីកាថា ពលរដ្ឋរាប់ពាន់នាក់ចង់បានស្ពានឆ្លងបឹងលំពូនេះជាយូរឆ្នាំមកហើយ ប៉ុន្តែមិនដឹងធ្វើយ៉ាងណាឱ្យសម្តេចតេជោហ៊ុន សែន ជាទីគោរពលោកដឹងទេ ។ ក្រោយមកព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តបានឯកភាពគ្នាផ្តើមគំនិតធ្វើស្ពាន ឬក៏ដាច់លូកន្លែងទំនប់ដាច់នោះ ដើម្បីអាចធ្វើដំណើរឆ្លងកាត់បាន តែអាជ្ញាធរមិនឱ្យធ្វើ ។ ព្រះតេជគុណចៅអធិការមានថេរដីកាបន្តថា ឱ្យតែអាជ្ញាធរអនុញ្ញាតឱ្យធ្វើគឺវត្ត និងសប្បុរសជន ព្រមទាំងពុទ្ធបរិស័ទរួមគ្នាធ្វើទៅអាចនឹងដំណើរការបានហើយ ។
លោកតាម្នាក់មកពីភូមិភ្នំដំរី ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ដែលក្នុងដៃមានយួរចានស្រាក់យកចង្ហាន់ទៅវត្តលំពូ បានប្រាប់ថា ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បឹងនេះទៅវត្ត ឬទៅផ្សារកំពង់ត្រាច ទាមទារចង់បានស្ពានឆ្លងបឹងលំពូនេះស្ទើរគ្រប់គ្នា។
លោក កែវ សុខា មេឃុំអង្គសុភី បានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋ៣ឃុំពិតជាចង់បានស្ពានឆ្លងត្រង់ទំនប់ដាច់នៅបឹងលំពូនោះមែន ប៉ុន្តែស្ពានទំនប់បឹងលំពូនេះ ជាគម្រោងរបស់ថ្នាក់ជាតិជាអ្នកធ្វើ បើយើងនាំគ្នាធ្វើខុសបច្ចេកទេស ទឹកអាចលិចភូមិឋានខាងលើបាន ។ ដូច្នេះត្រូវតែមានការសិក្សាតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ ទើបដឹងថា តើត្រូវធ្វើស្ពានក្នុងកម្រិតបែបណា ទើបមិនមានហានិភ័យកើតឡើង ។អត្ថបទប្រជាពលរដ្ធ