ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ជាប្រពន្ធបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុរសជាប្តីស្រវឹងស្រាបានវាយប្រពន្ធ នៅផ្ទះបងប្អូនក្នុងភូមិ ពេលប្រពន្ធកំពុងអង្គុយជជែកគ្នាលេងនៅក្រោមផ្ទះ ព្រោះតែគេខឹងប្រាប់ប្រពន្ធអោយមកដាំបាយហូប ប្រពន្ធមកផ្ទះយឺតយ៉ាវមិនដូចចិត្ត ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះរបស់ ឈ្មោះ អុន យ៉េង ក្នុងភូមិគុយ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលនគរបាលស្រុកកំពង់លែងចុះពិនិត្យដល់កន្លែងកើតហេតុបានអោយដឹងថា៖ ប្តីជាជនល្មើសជាជនដៃដល់ក្នុងអំពើហឹង្សា នេះមានឈ្មោះ សួង វុធ អាយុ៤៥ឆ្នាំ ចំណែកឯប្រពន្ធជាជនរងគ្រោះមានឈ្មោះ បូរ ភ័ណ្ឌ អាយុ៤៧ឆ្នាំ មានកូន៥នាក់រស់នៅក្នុងបន្ទុក បានស្លាប់នៅកន្លែងកើតហេតុ ទាំងពីនាក់ប្តីប្រពន្ធនេះ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា: នៅមុនពេលកើតហេតុជនដៃដល់ខាងលើជាប្តីបានផឹកស៊ីស្រវឹងនៅផ្ទះអ្នកស្រុកក្នុងភូមិ ហើយបានប្រាប់ប្រពន្ធដែលស៊ីផឹកជាមួយគ្នាថា ប្រញាប់ទៅផ្ទះ ដាំបាយទឹកស៊ី ព្រោះប្រញាប់ទៅធ្វើការ អោយគេ ក្រោយពីប្រាប់ប្រពន្ធហើយ ប្តីក៏បានដើរមកផ្ទះមុន ចំណែកឯកប្រពន្ធមកតាមក្រោយហើយចូលទិញម្ហូប រៀងយូរបន្តិច ។ ចំណែកប្តីដែលមកដល់ផ្ទះមុនចាំប្រពន្ធបាត់មិនឃើញយូទៅៗ ក៍កើតការខឹងក្តៅក្រហាយ លុះដល់ប្រពន្ធមកដល់ផ្ទះក៍បង្កជម្លោះ ឈ្លោះគ្នាទៅវិញទៅមក ឃើញដូចនេះប្រពន្ធទំនងជាខ្លាចប្តី ក៍រត់ទៅផ្ទះបងប្អូនក្បែរនោះអោយជួយ ។
ក្នុងនៅពេលប្រពន្ធរត់គេច ប្តីក៍តាមពីក្រោយមកដល់ផ្ទះបងប្អូនក៍ចាប់បោចសក់ និងវាយ២ទៅ៣ដៃចំកញ្ចឹងករួចចាប់សក់ក្បាល បោកក្បាលទៅនឹងជ្រុងគ្រែ បណ្តាលអោយធ្លាក់ពីគ្រែទៅលើដីស្លាប់ភ្លាមៗនៅកន្លែងកើតេហតុតែម្តង ។ ក្រោយពេលកើតហេតុភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីដែលជាជនដៃដល់ កសាងសំណុំរឿងបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីអោយសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលកំរិតធ្ងន់ខេត្ត កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅសាលាតំបូងខេត្តចាត់ការតាមការតាមផ្លូវច្បាប់៕