កុមារី​ម្នាក់ ត្រូវបាន​ឪពុក ម្តាយ​យកទៅ​បំបរបង់​ចោល​លើ​ភ្នំ​សំពៅ​

0

 

បាត់ដំបងៈ កុមារីម្នាក់ដែលទើបតែមានអាយុប្រមាណជាង៣ឆ្នាំ ត្រូវបានឪពុក ម្តាយ
ចិត្តមា យកទៅបំបរបង់ចោលនៅក្នុងព្រៃ លើខ្នងភ្នំគួរអោយសង្វែក ដែលតំបន់នេះ
ពោរពេញដោយសត្វស្វាព្រៃជាច្រើនផង តែជាសំណាងល្អត្រូវបានប្រជាពលរដ្ឋ និង
សមត្ថកិច្ចប្រទះឃើញមុនពេលសត្វស្វាធ្វើសកម្មភាពហែកចែកគ្នាសុី ។លោក មុី ឆេងលី មេប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំសំពៅ បានបញ្ជាក់ថា ហេតុការណ៍នេះ
គឺត្រូវបានប្រជាពលរដ្ឋ ដែលជាភ្ញៀវទេសចរណ៍ ព្រមទាំងសមត្ថកិច្ចដែលកំពុងធ្វើការ ចេញល្បាត បានប្រទះឃើញក្មេងស្រីម្នាក់ ដែលមានអាយុប្រមាណជាង៣ឆ្នាំ ត្រូវបាន
ឪពុក ម្តាយចិត្តតិរិច្ឆានយកទៅបំបរបង់ចោល នៅលើកំពូលភ្នំសំពៅ កាលពីវេលាម៉ោង
៨ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ដែលទីតាំងនេះ ស្ថិតក្នុងភូមិ
ភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកមេប៉ុស្តិ៍បានបន្តថា ការប្រទះឃើញនេះគឺកុមារីត្រូវបានគេចងកន្សែងធ្វើជាអង្រឹងដាក់អោយដេកនៅទីនោះតែម្នាក់ឯង ព្រមទាំងមានរបស់របរក្មេងលេងមួយចំនួននៅក្បែ
អង្រឹងនោះផង ដូច្នេះធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគ្មានអ្នកណាម្នាក់នៅក្បែ
នឹងកុមារីនេះឡើយ ។

បើតាមប្រភពមួយចំនួនដែលដែលលក់ដូរនៅជើងភ្នំបាននិយាយថា នៅម៉ោងប្រហែលជា
៧ព្រឹក មុនពេលកើតហេតុមួយសន្ទុះ គេបានឃើញមានម៉ូតូសង់កូរេ៉មួយគ្រឿង ដែលមាន
មនុស្សប្រុសជិះគ្នាពីរនាក់ បានឌុបគ្នាជិះឡើងទៅលើខ្នងភ្នំសំពៅនេះ ព្រមទាំងមាន
ក្មេងស្រីរូបនេះនៅអង្គុយចំកណ្តាលផង ដោយគេមិនបានដឹងថា ជនទាំងពីរនាក់នេះ
យកក្មេងទៅបំបរបង់ចោលបែបនេះសោះ រហូតដល់ពេលមានការភ្ញាក់ផ្អើលទើបដឹង ។

បញ្ហានេះលោកមេប៉ុស្តិ៍បានសង្កត់ធ្ងន់ថា កុមារីរូបនេះគឺជាមនុស្សមិនគ្រប់លក្ខណៈ
ដោយជើង ដៃកំរើកមិនរួច និងដើរឬលូនក៏មិនបានដែរ សូម្បីតែនិយាយក៏មិនកើត
ដោយចេះតែយំតែម្យ៉ាងប៉ុណ្ណោះ ហើយក៏ជាសំណាងល្អដែរ ព្រោះបើទុកតែបន្តិចទៀត
ដោយគ្មានអ្នកណាឃើញទេនោះ កុមារីរូបនេះប្រាកដជាក្លាយទៅជាចំណីសត្វស្វាព្រៃ
ជាមិនខាន ព្រោះនៅលើខ្នងភ្នំសំពៅនាពេលបច្ចុប្បន្ន សំបូរដោយសត្វស្វាយ៉ាងច្រើនផង ។

ក្រោយពេលកើតហេតុគេមិនបានដឹងថាកុមារីរូបនេះគឺជាមនុស្សរស់នៅក្នុងភូមិ ឃុំណា
នោះទេ ដោយសារតែក្មេងស្រីរូបនេះ មិនចេះនិយាយ ដោយសមត្ថកិច្ចបានប្រគល់ទៅអោយអាជ្ញាធរឃុំ ដើម្បីនាំយកទៅដាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ខេត្តបាត់ដំបង
ហើយ ដោយនៅទីនោះមានអ្នកមើលថែបានល្អ ៕image1 image2