បាត់ដំបងៈ ជនរងគ្រោះម្នាក់ ដែលបច្ចុប្បន្នបានស្នាក់នៅជាមួយនឹងលោកមេបញ្ជាការរង
កងរាជអាវុធហត្ថខេត្ត បានជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយ
ផ្លូវជាតិលេខ៥ បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះ
បានដើរឆ្លងថ្នល់មិនបានប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបុកតែម្តង ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៦ វេលាមោ៉ង ៣ និង ៣០នាទី ទៀបភ្លឺ តាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្រុម ១៩ភូមិអណ្ដូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រវាងថ្មើរជើង និងរថយន្ដមិនស្គាល់មា៉ក និងមិនស្គាល់ស្លាកលេខ ។
យោងតាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុ គឺទំនងជាជនរងគ្រោះ
បានធ្វើដំណើរឆ្លងកាត់ផ្លូវដោយថ្មើរជើង ស្របពេលជាមួយគ្នានោះដែរ ក៏មានរថយន្តមួយគ្រឿង បានបើកបរយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត ដែលប្រភពទាំងឡាយមិនបានស្គាល់ម៉ាក និងមិនបានឃើញស្លាកលេខ បានបុកទៅលើជនរងគ្រោះយ៉ាងពេញទំហឹង
បណ្តាលអោយយុវជនរូបនេះ បើុងជាច្រើនម៉ែត្រ ព្រមទាំងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុ មុនពេលដែលសមត្ថកិច្ចចុះទៅដល់ គឺរថយន្តបង្កបានបើក
រត់គេចបាត់ស្រមោល ដោយបន្សល់តែសពជនរងគ្រោះដែលដេកក្នុងថ្លុកឈាមនៅលើ
ផ្លូវជាតិតែប៉ុណ្ណោះ បើតាមប្រភពមួយចំនួនដែលបានស្គាល់គឺបានបញ្ជាក់ថា ជនរងគ្រោះ
មាន ឈ្មោះ ចាន់ វែង ភេទប្រុស អាយុ៣៧ឆ្នាំ ដោយ សព និង ម្ដាយបង្កើតរបស់គេ រស់នៅជាមួយនឹងលោក បោ៉ វិចិត្រ ជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដែលមានទីតាំងនៅភូមិហៃសាន ឃុំ ជ្រៃ ស្រុក ថ្មគោល ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ សាច់ញាតិ នាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ
ដោយឡែករថយន្តបង្ក ក៏សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវផងដែរ ដើម្បីនាំយកមក
ដោះស្រាយតាមផ្លូវច្បាប់ ៕