​តម្រួត​ថៃ​ដាក់​អន្ទាក់​ចាប់​ខ្មែរ​ម្នាក់ ព្រមទាំង​ថ្នាំញៀន​ជាង​៦០០​គ្រាប់​

0

 

បាត់ដំបងៈ ជនជាតិខ្មែរម្នាក់ ដែលរស់នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយ
មានជ័យ និងជាមុខសញ្ញាចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំ ត្រូវបានតម្រួតថៃប្រើល្បិច
ដាក់អន្ទាក់ដើម្បីឃាត់ខ្លួន ខណៈដែលជនសង្ស័យខាងលើកំពុងនាំយកគ្រឿងញៀន
ទៅលក់អោយជនជាតិថៃតាមការសន្យា ។

ការឃាត់ខ្លួននេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៣ ខែកក្កដា
ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងបរិវេណមន្ទីរពេទ្យស្រុកតាផាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ
បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន និងសាកសួរទៅលើមុខសញ្ញាចែកចាយគ្រឿងញៀនបន្ត
ដែលបានទិញពីជនជាតិខ្មែររូបនេះ នាពេលកន្លងមក ។

យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃបានបញ្ជាក់ថា នៅមុនពេលចុះកិច្ចប្រតិបត្តិការ
នេះគឺកំលាំងបានឃាត់មុខសញ្ញាចែកចាយម្នាក់ឈ្មោះ ស៊ុំ សាក់ ឬសាក់ ឈិនហុង
ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ១៥ ឃុំថាប់រាជ ស្រុកតាផាយ៉ា ខេត្តស្រះកែវ
ព្រមទាំងបានដកហូតគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន ១០ គ្រាប់ ដោយបាននាំខ្លួន
យកទៅធ្វើការសាកសួរបន្ត ។

យោងតាមចំលើយសារភាព គឺជនសង្ស័យដែលជាជនជាតិថៃរូបនេះបានសារភាពថា
ថ្នាំញៀននេះគឺខ្លួនបានទិញពីឈ្មោះ ឆឺន ឆុំ ភេទប្រុស អាយុ៤០ឆ្នាំ ដែលរស់នៅភូមិ៦
ឃុំខូកឡាន ស្រុកតាផាយ៉ា ដោយសមត្ថកិច្ចបានដកហូតថ្នាំញៀនបានចំនួន ១៩៣គ្រាប់
ហើយក៏បាននាំខ្លួនយកទៅសាកសួរថែមទៀតដើម្បីតាមរកមេក្លោងធំ ។

នៅទីបំផុតចំលើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់យ៉ាងច្បាស់ថា គឺរូបគេបានទិញ
ពីជនជាតិខ្មែរម្នាក់ ដែលតែងតែទំនាក់ទំនងគ្នាតាមរយៈទូរស័ព្ទ ដោយគេជាអ្នកយកថ្នាំ
ញៀនយកមកអោយដល់ក្នុងទឹកដីថៃផ្ទាល់តែម្តង ។

នៅពេលនោះគឺសមត្ថកិច្ចបានរៀបចំផែនការដើម្បីដាក់អន្ទាក់ចាប់មេក្លោងចែកចាយ
គ្រឿងញៀនដែលជាជនជាតិខ្មែរ ក្នុងគោលបំនងបោសសំអាតអោយដល់ឫសតែម្តង
ទើបបានរៀបចំផែនការណ៍ដោយអោយឈ្មោះ ឆឺន ឆុំ ជាអ្នកទូរស័ព្ទទាក់ទងទិញ
ជាធម្មតាដូចគ្រាកន្លងមក ប៉ុន្តែលើកនេះក្រុមតម្រួតបានកំណត់អោយទិញចំនួន៦០០គ្រាប់
ដោយណាត់ទីតាំងដោះដូរគឺនៅក្នុងមន្ទីរពេទ្យស្រុកតាផាយ៉ា ប៉ុន្តែនៅពេលនោះគឺភាគីខ្មែរ
បានតម្រូវអោយឈ្មោះ ឆុំ វេរលុយទៅជាមុនចំនួន៣មុឺនបាតសិន ទុកជាការកក់មុន
គឺនៅពេលនោះហើយដែលក្រុមតម្រួតបានសម្រេចចិត្តវេរលុយទៅអោយមុខសញ្ញាដែលជា
ជនជាតិខ្មែរនូវទឹកប្រាក់ចំនួន៣មុឺនបាត ។

លុះនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកក្កដានេះ គេសង្គេតឃើញថា មុខសញ្ញា
បានបង្ហាញខ្លួនដោយគេបានជិះម៉ូតូទៅកាន់ទីតាំងដែលបានកំណត់ ទើបក្រុមតម្រួតថៃ
ធ្វើការឃាត់ខ្លួនតែម្តង ដោយឆែកឆេររកឃើញគ្រឿងញៀនចំនួន៦០៦គ្រាប់ ដែល
ជនសង្ស័យលាក់ទុកនៅក្នុងហោបៅ៉ខោខាងស្តាំ ហើយជននេះមានឈ្មោះ ចិន វុធចិន្តា
ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
ដោយបច្ចុប្បន្នសមត្ថកិច្ចថៃត្រៀមបញ្ជូនខ្លួនជនជាតិខ្មែរ រួមទាំងវត្ថុតាងទៅកាន់តុលាការ
ហើយដើម្បីចាត់វិធានការតាមច្បាប់ ៕image2 image3 image1