ខេត្តកំពង់ឆ្នាំង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវគោលការណ៍អោយ ស្នងការនគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រឹតបណ្តឹងនូវការពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុលនៅពេលយប់ ដើម្បីធានា និងរក្សាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថភាព ទប់ស្កាត់ចៅរកម្ម និងក្មេងទំនើងនៅក្នុងខេត្តកំពង់ឆ្នាំង។ ដូចនេះនៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងចំរុះប្រមាណជិត៣០នាក់ មកពីការិយាល័យអាវុធជាតិផ្ទុះ និងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុលនៅចំណុចផ្លូវបែកជាបួន ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
លោក កែវ ឈុន នាយការិយាល័យអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា៖ តាមគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការលុបបំបាត់អោយអស់នូវការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ បូករួមទាំងដាវ កាំបិត ពូថៅ ឬសំភារៈដែលអាចបង្កបួសស្នាមដល់អ្នកដទៃ ដែលអាចដាក់ជាប់ខ្លួនបាន។ តាមគោលការណ៍របស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ការពិនិត្យអាវុធជាតិផ្ទុះនេះ ត្រូវធ្វើឡើង៣លើកក្នុង១សប្តាហ៍ និងធ្វើជាប្រចាំ ដើម្បីអោយបទល្មើសបង្ករបួសស្នាមមានការថយចុះ។ ដោយឡែកក្នុងឆ្នាំ២០១៦នេះ ការប្រើប្រាស់អាវុធខុសច្បាប់មានការថយចុះច្រើន បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥។
លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវិញ បានបញ្ជាក់ថា៖ ការចុះពិនិត្យជាតិអាល់កុលនៅពេលយប់ គឺក្នុងគោលបំណងកាត់បន្ថយការស្លាប់ដោយករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីបើកបរក្នុងស្ថានភាពស្រវឹងនៅពេលយប់ ហើយបើសិនជារកឃើញថា អ្នកបើកបរមានជាតិអាល់កុលចាប់ពី០,៤០មីលីក្រាមក្នុង១មីលីលីត្រខ្យល់ឡើងទៅ គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ក្រោយពីការរឹតបណ្តឹងការត្រួតពិនិត្យជាតិអាល់កុលក្នុងពេលបើកបរ ឃើញថាអត្រាអ្នកគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់មានការថយចុះជាងឆ្នាំកន្លងទៅ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំបើកបរក្នុងស្ថានភាពស្រវឹង កុំវ៉ាឬជែងក្នុងស្ថានភាពគ្រោះថ្នាក់ ត្រូវចេះស្រឡាញ់អាយុជីវិតអ្នកដទៃស្មើជីវិតខ្លួន ជាពិសេសគឺត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ទើបអាចកាត់បន្ថយបាននូវអត្រាស្លាប់ និងរបួសដោយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវបាន។ដោយឡែកក្មេងទំនើងដែលដើរលេងពេលយប់ មានដាវ កាំបិត ពូថៅ ដែលជាគ្រឿងប្រហារ គឺត្រូវតែចាប់ដកហូតទុក ដើម្បីបង្កានិងទប់ស្កាត់បទល្មើស រក្សាសន្តិសុខនៅក្នុងខេត្តអោយមានសុវត្តិភាពល្អ ជូនប្រជាពលរដ្ឋ ៕