ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ៖មន្ត្រីរាជការស៊ីវិល សប្បុរសជន ពុទ្ធបរិស័ទក្នុងខេត្តបានស្រុះស្រួលគ្នាឯកច្ឆ័នធ្វើបុណ្យទានដោយបានដង្ហែទៀនវស្សា គ្រឿងបរិក្ខារ ទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃដែលត្រូវគង់ចាំព្រះវស្សាក្នុងវត្តនៅជនបទដាច់ស្រយាលនិងអត្តខាត់ចំនួន២វត្តក្នុងស្រុកព្រះនេត្រព្រះនិងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៦កក្កដាឆ្នាំ២០១៦។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងភរិយាអ្នកស្រីសាយ ស្រីណុច,លោកទៀ ញ៉ិល,លោកទ្រី ស្រ៊ាង ,លោកប៊ុនធី,និងភរិយា,អ្នកស្រីអាង សុធីនិងសហការី បាននាំទៀនវស្សា គ្រឿងបរិក្ខារ ទេយ្យទាន បច្ច័យពីក្រុងសិរីសោភ័ណទៅប្រគេនព្រះសង្ឃដែលត្រៀមគង់ចាំព្រះវស្សានៅវត្តគីរីវិញ្ញាណក្ខន្ធបរទកក់ភូមិកក់ឃុំជប់វារីស្រុកព្រះនេត្រព្រះនៅពេលព្រឹកនិងវត្តប្រាសាទគីរីកូនខ្លែងភូមិកូនក្លែងឃុំប៉ោយចារស្រុកភ្នំស្រុក នៅពេលថ្ងៃត្រង់។
ព្រះគ្រូ ប៉ាន ឡាន ចៅអធិការវត្តគីរីវិញ្ញាណក្ខន្ធបរទកក់និងព្រះគ្រូខ្លែង ហែល ចៅអធិការវត្តគីរីប្រាសាទកូនខ្លែងនិងព្រះសង្ឃ អាចារ្យ គណកម្មការ ពុទ្ធបរិស័ទនិងមន្ត្រីអាជ្ញាធរមូលដ្ឋានបានទទួល។
លោក លី សារី.និយាយថា:តាមការណែនាំពីលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងការអនុញ្ញាតិពីលោកសួន បវរ អភិបាលខេត្ត ក៏ស្របនឹងសទ្ធាជ្រះថ្លារបស់សហការី ទើបលោកនិងពួកគេបានសម្រេចជ្រើសរើសវត្តនៅជនបទនិងអត្តខាត់ដូចខាងលើដើម្បីនាំក្នុង១វត្តៗមានទៀនព្រះវស្សា ៣គូ,បរិក្ខារដូចជាអង្ករ១០០គ.ក្រ ត្រីខ ទឹកត្រី ទឹកសុីអីុវ៤យួរ ទេយ្យទាន មានសាដក និងបច្ច័យរាប់សិបម៉ឺនរៀលសម្រាប់កសាងវត្ត បច្ច័យព្រះសង្ឃផ្ទាល់ ទៅប្រគេនដើម្បីទ្រទ្រង់ លើកកម្ពស់ពុទ្ធសាសនានិងចែករំលែកការអភិវឌ្ឍន៍ទៅទីខ្វះខាត។
លោកនិងសហការីលើកទឺកចិត្តអោយវត្តបន្តខិតខំកសាងជំនឿទុកចិត្តនិងស្វះស្វែងរកការឧបត្ថម្ភ គាំទ្រដើម្បីកសាងវត្តជាបន្ត៕