បាត់ដំបងៈ ជនសង្ស័យម្នាក់ ដែលជាជនល្មោភកាម ត្រូវបានកំលាំងនៃអធិការដ្ឋានគរបាលស្រុក មោងឫស្សី ធ្វើការឃាត់ខ្លួនខណៈដែលជននេះបានរត់គេចខ្លួនអស់រយៈពេលពេញមួយថ្ងៃ ក្រោយពេលដែលគេបានធ្វើសកម្មភាព លបឡើងចាប់រំលោភ
ក្មេងស្រីរងគ្រោះដែលទើបតែមានអាយុ១៣ឆ្នាំរួចមក តែមិនបានសម្រេច ។លោកវរសេនីយ៍ទោ គិត.ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានអោយដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១ និង១៨នាទី រំលងអធ្រាត នៅចំណុច ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីចាប់រំលោភសេពសន្ថវ:មួយបានកើតឡើង ដដែលបង្កដោយជនសង្ស័យ
ម្នាក់ បានឡើងទៅលើផ្ទះក្មេងស្រីរងគ្រោះបំណងចាប់រំលោភតែមិនបានសម្រេច ។
យោងតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះឈ្មោះ ជ ឆ វ អាយុ១៣ឆ្នាំ រស់នៅ
ភូមិ ឃុំ កើតហេតុខាងលើ បានរៀបរាប់ថា សព្វថ្ងៃគឺនាងរស់នៅក្នុងផ្ទះនេះតែម្នាក់ឯង
ដើម្បីសិក្សា ដោយសារតែក្រុមគ្រួសាររបស់នាងមានជីវភាពខ្វះខាត ទើបឪពុក ម្តាយ
របស់នាងបានចាកចេញពីភូមិទៅនៅឯព្រំដែនកម្ពុជា ថៃ ដើម្បីសុីឈ្មួលដកដំឡូង
អោយគេ គ្រាន់បានកម្រៃខ្លះៗចិញ្ចឹមជីវិត ។
នាងបានបន្តថា នៅយប់ថ្ងៃកើតហេតុ គឺខណៈដែលនាងកំពុងដេកលង់លក់ទៅហើយ
នោះ ស្រាប់តែមានមនុស្សប្រុសម្នាក់ បានលបឡើងទៅលើផ្ទះរបស់នាង ដោយបាន
ធ្វើសកម្មភាពចាប់ខ្ទប់មាត់នាងមិនអោយនាងស្រែក ដោយគេបានគំរាមមិនអោយនាងរើ
និងស្រែកឡើយ ដែលសម្លេងនេះបានធ្វើអោយនាងស្គាល់គេយ៉ាងច្បាស់គឺមនុស្សប្រុស
នោះមានឈ្មោះ រី រិទ្ធ អាយុ ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា និងមានផ្ទះនៅក្បែគ្នាថែមទៀត
នេះដោយសារតែគេឃើញនាងរស់នៅម្នាក់ឯង ។
ភ្លាមៗនោះដែរ ក្នុងពេលដែលយុវជនរូបនេះបំរុងចាប់ស្រាតនាងដើម្បីរំលោភ នាង
បានរើបម្រះហើយស្រែកយ៉ាងខ្លាំងតែម្តងដើម្បីអោយអ្នកភូមិមកជួយ ដែលបញ្ហានេះ
បានធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកទាំងយប់ថែមទៀតផង ដោយឡែក
យុវជនដែលបង្កបានរត់គេចខ្លួនបាត់ស្រមោលទាំងយប់ ។
ករណីនេះលោក គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានចាត់កំលាំងធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ដដែល វេលាម៉ោង ៥ និង៣៤នាទី ល្ងាច តាមបញ្ជារបស់លោក នួន.សាន ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង ដោយបច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួន
ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តហើយដើម្បីចាត់ការតាម
និតិវិធីច្បាប់ ៕