រាជធានីភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចចុះហត្ថលេខា លើកិច្ចសន្យាការងារវិនិយោគថែទាំ ស្តារ និងអភិវឌ្ឍន៏ ប្រពន្ធ័បំភ្លឺសាធារណៈ ក្នុងរាជធានីភ្នំពេញឲ្យទៅវិស័យឯកជនជាអ្នកគ្រប់គ្រង មានរយៈពេល២០ឆ្នាំ គឺគិតចាប់ពីថ្ងៃទី២៧ឧសភា២០១៦ដល់ថ្ងៃទី២៦ឧសភា២០៣៦។ពិធីចុះហត្ថលេខា ប្រគល់ និងទទួលបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨កក្កដា២០១៦ ដែលចុះហត្ថលេខាដោយលោក មាន ចាន់យ៉ាដា នាយករដ្ឋបាលរាជធានីភ្នំពេញ និងលោកសុខ ឆេង អគ្គនាយកក្រុមហ៊ុនភ្នំពេញអភិវឌ្ឍន៏វិស្វកម្ម និងសំណង់(PPDE&C)ស្ថិតក្នុងអធិបតីភាព លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។នៅក្នុងកិច្ចសន្យានោះបានសសេរថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ការគ្រប់គ្រងប្រពន្ធ័ភ្លើងបំភ្លឺសាធារណៈនៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញរួមមាន៖ ប្រពន្ធ័ភ្លើងបំភ្លឺសាធារណៈ ប្រពន្ធ័ភ្លើងស្តុបចរាចរណ៏,ប្រពន្ធ័ភ្លើងកាម៉េរាសុវត្ថិភាព,ប្រពន្ធ័ភ្លើងបំភ្លឺប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម,ប្រពន្ធ័ភ្លើងតាំងលំអរពិធីបុណ្យជាតិ និងអន្តរជាតិ ព្រមទាំងកាតព្វកិច្ចនៃការថែទាំប្រពន្ធ័ភ្លើងបំភ្លឺទាំងនោះ និងរួមទាំងឧប សម្ពន្ធ័នៃកិច្ចសន្យាទៅឲ្យក្រុមហ៊ុនPPDE&C Co.Ltd ដើម្បីធ្វើការគ្រប់គ្រងថែទាំ ស្តារនិង អភិវឌ្ឍន៏ទៅតាមផែនការមេនៃគំរោងបំភ្លឺសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ។ កិច្ចសន្យានេះ មានរយៈពេល២០ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី ២៧ឧសភា ឆ្នាំ២០១៦ដល់ថ្ងៃទី២៦ឧសភា ឆ្នាំ២០៣៦។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការរៀបចំប្រពន្ធ័ភ្លើងបំភ្លឺនេះ ជាបញ្ហាធំមួយ និងជាបញ្ហាដែលតែងទទួលរងនូវការទិទៀនជាច្រើនពីមហាជនព្រោះនេះជាសេវាមួយដែលប្រជាពលរដ្ឋត្រូវការ និងទាមទាឲ្យមានការបំភ្លឺតាមដងផ្លូវដែលជះឥទ្ធិពលទៅលើសន្តិសុខ សណ្តាប់សាធារណៈផងដែរ ។ លោក បន្តថា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវការផ្ទេរទៅឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រង ដើម្បីអភិវឌ្ឍន៏ និងមាន ការគ្រប់គ្រងមួយដែលច្បាស់លាស់ កាត់បន្ថយការចំណុចអសកម្មដូចជា ការបាត់ភ្លើង,បាត់សំភារៈអគ្គីសនី,ការកែលំអរហេដ្ឋារចនាសម្ពន្ធ័អគ្គីសនីដែលខ្សែភ្លើងខ្លះមានអាយុជាង ៣០ឆ្នាំហើយ និងផ្លាស់ប្តូរពីការចំណាយប្រាក់មកជាការចំណេញប្រាក់ និងមានការងាយ ស្រូលសំរាប់ការគ្រប់គ្រង,ចំណាយតិច។លោក ប៉ា សុជាតិវង្ស មានប្រសាសន៏ទៀតថា ការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីការអភិវឌ្ឍន៏ការបំភ្លឺសាធារណៈក្នុងក្រុងវាគ្មានអ្វីចំឡែកទេ ដើម្បីទទួលខុសត្រូវគ្រប់គ្រង ថែរក្សាភ្លើងបំភ្លឺសាធារណៈដែលមានជាង១២០០០អំពូលរួមទាំងបង្គោលភ្លើង,ខ្សែភ្លើង,ទូរបញ្ជានៅទូទាំងរាជធានីភ្នំពេញទៀតផង ៕ (ចន ណារិទ្ធ)