ខេត្តកែប៖ ព្រឹកថ្ងៃទី២០ខែកក្តដាឆ្នាំ2016នេះ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការងារខែ កក្កដា ឆ្នាំ2016 និងលើកទិសដៅបន្ត ដឹកនាំដោយលោកឧត្តមសេនីយត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្ត និងការចូលរួមពីលោក លោកស្រីស្នងការរងគ្រប់ផែន ប្រធាន អនុប្រធានអង្កភាព ក្រុមចំរុះនគរបាលខេត្ត ប្រចាំឆ្នេរ កោះ ឃុំ សង្កាត់ អធិការ អធិការរង ក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាលទាំងអស់ចំនួន106នាក់។តាមរបាយការណ៍អោយដឹងថា បទល្មើសព្រហ្មទណ្ឌកើតឡើង1/0លើក ជាករណីលួចម៉ូតូនៅផ្សារសេះស សង្កាត់អូរក្រសារ ក្រុងកែប កាលពីព្រឹកថ្ងៃទី15.7.2016 បណ្តាលឱ្យបាត់ម៉ូតូ C125 ឆ្នាំ2015 ពណ៌ខ្មៅ 1គ្រឿង ស្របពេលដែលមានប៉ាហុីលេងនៅក្បែរកន្លែងបាត់ម៉ូតូនោះ។ ចំពោះគ្រោះថ្នាក់ផ្សេងៗ កើតឡើង13/14លើក ថយចុះ1លើក រួមមាន គ្រោះថ្នាក់ចរាចរ8/6លើក កើន2លើក បណ្តាលឱ្យមនុស្សស្លាប់0/1នាក់ ថយចុះ1នាក់ របួសធ្ងន់7/5នាក់ កើន2នាក់ របួសស្រាល4/4នាក់។រីឯខ្យល់ព្យុះកើតឡើង4/5លើក ថយចុះ1លើក បណ្តាលឱ្យរលំផ្ទះ2ខ្នង បុើងដំបូល 29ខ្នង ក្នុងនោះរោងចំបើង1ខ្នងផងដែរ។ ដោយឡែកក៏មានករណីទូកនេសាទ ប៉ះជាមួយទូកដឹកទំនិញ 1លើក បណ្តាលឱ្យខូចទូក1គ្រឿង តែមិនមានគ្រោះថ្នាក់មនុស្សទេ។ ទន្ទឹមនោះយើងបានរៀបចំផ្សព្វផ្សាយ និងធ្វើវេទិការសារធារណៈ ស្តីពីភូមិ ឃុំមានសុវត្ថិភាព ចំនួន26លើក មានប្រជាជន សិស្សានុសិស្សចូលរួម 5.502នាក់ ,ផ្តល់អត្តសញ្ញាណប័ណ្ណបាន156នាក់ (គិតមកដល់ពេលនេះយើងផ្តល់បាន26.416នាក់ លើផែនការ28.865នាក់ ស្មើនិង91.51%នៃផែនការ) ព្រមទាំងបានចាត់តាំងកំលាំល្បាត ការពារទីប្រជុំជន ផ្សារ រមនីយដ្ឋានទេសចរណ៍ទាំង 5ឃុំ សង្កាត់ នៃក្រុងស្រុកទាំងពីរមានសុវត្ថិភាពល្អផងដែរ។
អង្គប្រជុំក៏បានស្តាប់មតិចូលរួម ពីលោក លោកស្រីស្នងការរងទទួលផែនសន្តិសុខ,ព្រហ្មទណ្ឌ,សណ្តាប់ធ្នាប់,យេនឌ័រ និងសេចក្តីរាយការណ៍ ពីនាយប៉ុស្តិ៍រដ្ឋបាលទាំង5ពីមូលហេតុ និងចំនួនប្រជាជន មិនទាន់បានផ្តល់អត្តសញ្ញាណប័ណ្ណ និងការរៀបចំផ្ទៀងផ្ទាត់សៀវភៅក1,ក3 នៅមូលដ្ឋានឃុំ សង្កាត់នីមួយៗផងដែរ។
លោកឧត្តមសេនីយត្រី អុីង សំអុល ស្នងការនគរបាលខេត្តកែប មានមតិសំដែងនូវអំណរសាទរ និងក្តីមោទនៈភាព ចំពោះលទ្ធផលការងារ ដែលសំរេចបាន និងបានដាក់ចេញនូវវិធានការណ៍ និងទិសដៅបន្ថែម1ចំនួនដើម្បីអង្គភាព អធិការនគរបាលក្រុង ស្រុក ប៉ុស្តិ៍រដ្ឋបាល អនុវត្តនៅខែ សីហា ទទួលបានជោគជ័យ ដោយលោកសង្កត់ធ្ងន់ថា ត្រូវតែរក្សាឱ្យបានសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់គ្រប់ទីកន្លែង គ្រប់ពេលវេលា ស្រមតាមគោលការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញដើម្បីប្រជាជនរស់នៅដោយក្តីសុខ សប្បាយ សន្តិភាពពេញបរិបូរណ៍។
ជាចុងបញ្ចប់លោកស្នងការក៏បានប្រគល់អត្តសញ្ញាណប័ណ្ណថ្មីចំនួន208សន្លឹក ជូននាយប៉ុស្តិ៍រដ្ឋបាលទាំង5 ដើម្បីចែកជូនម្ចាស់យកទៅប្រើប្រាស់៕