ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ថ្នាក់ដឹកនាំ មន្ត្រីរាជការសីវិល កងកម្លាំង គ្រូបង្រៀន សិស្ស និស្សិត ពលរដ្ឋនិងយុវជនអប់រំបន្សាបផ្តាច់សារធាតុញៀនរាប់រយនាក់បានដើររើសសំរាម ធ្វើអនាម័យ១ឈុលនៅព្រឹកថ្ងៃទី២១កក្កដា២០១៦នេះ នៅមុនប៉ុន្មានម៉ោងដែលប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញឆ្លងកាត់និងជួបសំណេះសំណាលពលរដ្ឋ មន្ត្រីក្នុងខេត្តនេះនៅរសៀលថ្ងៃដដែល។សម្តេចតេជោបាននឹងកំពុងធ្វើដំណើរតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ហើយចូលរួមសម្ពោធប្រព័ន្ធទឹកស្អាតអំណោយជប៉ុននៅខេត្តបាត់ដំបង ពិនិត្យការងារសំខាន់ៗនិងជួបពលរដ្ឋតាមដងផ្លូវ តាមផ្សារជាច្រើន។លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីថ្នាក់ដឹកនាំបានដឹកនាំធ្វើការរើស សំរាម សម្អាតអនាម័យតាមដងផ្លូវជាតិលេខ៥ លេខ៦ ផ្លូវក្នុងខេត្តមួយចំនួននិងទីកន្លែងខ្លះក្នុងសង្កាត់អូរអំបិល ព្រះពន្លានិងកំពង់ស្វាយក្រុងសិរីសោភ័ណ ជាគោលដៅតម្រាយផ្លូវដែលប្រតិភូត្រូវឆ្លងនិងមើលឃើញ។នៅក្នុងបរិវេណសាលាខេត្តុត្រូវបានកែលម្អ ចាក់បំពេញជង្ហុក សម្អាតសួនច្បាររហូតដល់បង្គន់អនាម័យផងដែរ។សាធារណ:ជនចាត់ទុកសកម្មភាពនេះថាធ្វើអោយល្អមើល យកមុខមាត់ផ្គាប់ចិត្តផងនិងជាសារដាស់តឿនដល់ពលរដ្ឋ មន្ត្រីទូទៅអោយភ្ញាក់រលឹកហើយចូលរួមថែរក្សា ការពារអនាម័យ បរិស្ថានមុខផ្ទះឬកន្លែងនានារបស់ខ្លួនផង។ពោលគឺកុំចាំទាល់តែមន្ត្រីមកសម្អាតសម្រាមដល់មុខផ្ទះខ្លួននោះ។
សូមរំលឹកថាតាំងពីឡើងតំណែងជាអភិបាលខេត្តបន្ទាយមានជ័យពីថ្ងៃ២៨ខែមីនាឆ្នាំ២០១៦ មកលោកចូលចិត្តដឹកនាំមន្ត្រី សិស្ស និស្សិត ពលរដ្ឋ គ្រូនិងសាធារណ:ជនសម្អាតសម្រាម ធ្វើអនាម័យណាស់ដែរទាំងនៅក្នុងក្រុងសិរីសោភ័ណនិងនៅស្រុកមង្គលបូរីជាដើម៕