ដោយ ខេង ឧត្តម
ខេត្តសៀមរាប៖ មុខសណ្ឋាគារស៊ីធី អង្គរ ក្រុងសៀមរាប លើផ្លូវជាតិលេខ៦ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានក្រុមពលរដ្ឋដែលរស់នៅលើទំនប់អញ្ចាញប្រមាណជាង៩គ្រួសារមានបញ្ហាដីធ្លី នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប វេលាម៉ោង១១ថ្ងៃត្រង់ នាថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៦ កំពុងឈរលើកបដាទាមទារសុំជួប សម្តេច ហ៊ុន សែន ដើម្បីរកអន្តរាគមន៍ផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង ៦០គ្រួសារ ដែលមានបញ្ហាជាមួយអាជ្ញាធរអប្សរាតាំងពីឆ្នាំ២០១០ មក ខណៈពេលដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រឡប់មកពីវាយកូនគោលវិញ។
ហើយការទាមទារសុំជួបសម្តេចរបស់ប្រជាពលរដ្ឋជាង៩គ្រួសារនេះ ត្រូវបានបរាជ័យ ខណៈពេលដែលសមត្ថកិច្ចចម្រុះបានហាមឃាត់មិនឱ្យពួកគាត់ចូលជួប ក្នុងពេលនោះ ក៏ឃើញមានវត្តមានរបស់លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប និងលោក សូ ប្លាតុង អភិបាលក្រុងសៀមរាបផងដែរ កំពុងធ្វើការសម្របសម្រួល ជាមួយក្រុមប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញសិន កុំឱ្យឈរត្រៀបត្រាពេញមុខផ្សារនេះ ព្រោះថ្ងៃនេះជាថ្ងៃដែលសម្តេច ហ៊ុនសែន ជួបជាមួយថ្នាក់ដឹកនាំខេត្តនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
តំណាងប្រជាពលរដ្ឋទាំង៩គ្រួសារ ដែលបានមកចង់ជួបសម្តេច ហ៊ុន សែន នាថ្ងៃនេះមានឈ្មោះ ពុធ សុទ្ធារី អាយុ៦០ឆ្នាំមានមុខរបរលក់ដូរ ដែលមានប្តីឈ្មោះ ខៀវ សំបុក (ស្លាប់)រយៈពេល៥ឆ្នាំ មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានទីលំនៅពីខាងត្បូងរង្វង់មូលឃ្យុង យូរ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានរៀបរាប់ប្រាប់ថា ពួកគាត់មកនេះគឺមានគោលបំណងចងជួបសម្តេច ដើម្បីឱ្យអន្តរាគមន៍ ឱ្យអាជ្ញាធរខេត្តនិងមន្ត្រីសូរិយោដី ចេញប័ណ្ណកម្មសិទ្ធជូនពួកគាត់ចំនួន៦០គ្រួសារផង។តំណាងប្រជាពលរដ្ឋបានបន្តថា កន្លងមកពួកគាត់នៅលើដីនេះតាំងពីមុនឆ្នាំ២០១០ មក រហូតមកដល់បច្ចុប្បន្ននេះមានរយៈជាង៦ឆ្នាំហើយ ចង់ធ្វើផ្ទះឬធ្វើរបងក៏ត្រូវបានខាងអាជ្ញាធរអប្សរាហាមឃាត់មិនឱ្យធ្វើ កុំថា ឡើយ ធ្វើផ្ទះ សូម្បីតែធ្វើទ្រុងមាន់ ក៏ពួកវាមិនឱ្យធ្វើដែរ ថា ខ្លាចប៉ះពាល់ប្រាសាទ។ដោយសារមានបញ្ហាជាមួយអាជ្ញាធរអប្សរាជាច្រើនឆ្នាំមកនេះ ទើបពួកគាត់ដឹងថា សម្តេច មកសៀមរាប ដូច្នេះក៏សម្រេចចិត្តនាំគ្នាមកសុំជួប ប៉ុន្តែការស្មានរបស់គាត់បែជាគ្មានន័យទៅវិញ ដោយសារក្រុមសមត្ថកិច្ចមិនព្រមឱ្យពួកគាត់ចូលទៅជួបបាន។
ជុំវិញករណីខាងលើនេះដែរលោក គឹម ឆៃហៀង អភិបាលខេត្តសៀមរាបបានមានប្រសាសន៍នៅមុខក្រុមពលរដ្ឋថា ពួកគាត់មកនេះគឺមានគោលបំណងតែមួយគត់ គឺចង់តែជួបសម្តេច តេជោ ហ៊ុន សែន ឱ្យទាល់តែបាន ដើម្បីឱ្យសម្តេចជួយអន្តរាគមន៍ ដល់ពួកគាត់ ដើម្បីចេញប័ណ្ណកម្មសិទ្ធដីធ្លី ដែលពួកគាត់បានរស់នៅលើទំនប់អញ្ចញ ដែលជាដីចំណីផ្លូវនិងត្រូវបានកាន់កាប់ដោយអាជ្ញាធរអប្សរាសព្វថ្ងៃនេះ។លោកបន្តថា បន្ទាប់ពីពួកគាត់បាននាំគ្នាលើកបដា ពេញមុខផ្សារ ថ្មីអង្គរ ដែលដឹងថា សម្តេចមកស្នាក់នៅក្នុងសណ្ឋាគារស៊ីធី អង្គរ ក្នុងក្រុងសៀមរាប ដូច្នេះលោកត្រូវតែបង្ខំចិត្ត ចូលមកសម្របសម្រួល ដើម្បីពន្យល់ពួកគាត់ឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ខណៈពេលនោះដែរលោក ក៏បានទូរស័ព្ទ រាយការណ៍ជូនលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនៅមុខប្រជាពលរដ្ឋទាំងអស់ ដើម្បីឱ្យគាត់បានស្តាប់សម្តីនិងឆ្លងឆ្លើយជាមួយលោកអភិបាលខេត្ត កុំឱ្យមានការសង្ស័យ តទៅទៀត។ក្រោយពីពួកគាត់បានស្តាប់រួចរាល់ហើយ ពួកគាត់ក៏បានសម្រេចចិត្តនាំគ្នាចាកចេញពីទីកន្លែងនោះរៀងៗខ្លួន ដើម្បីត្រឡប់ទៅផ្ទះវិញ។លោកបន្តថា បន្ទាប់ពីសម្តេចតេជោ បានកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ចេញពីតំបន់បុរីសណ្ឋាគារ(ហៅ បុរី វប្បធម៌និងទេសចរណ៍)នៅក្នុងអំឡុងឆ្នាំ២០១៥ នោះ ចំណែកប្រជាពលរដ្ឋដែលមកពីទំនប់អញ្ចាញ ក្នុងភូមិចុងកៅស៊ូ ដើម្បីឱ្យសម្តេចជួយអន្តរាគមន៍ចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនពួកគាត់ទាំង៦០គ្រួសារនោះ គឺមិនទាន់ទទួលយកបានទេនៅពេលនេះ ព្រោះនៅតំបន់ដែលពួកគាត់រស់នៅ គឺស្ថិតចំផ្លូវហាមឃាត់នៅឡើយមិនអាចដោះស្រាយបានភ្លាមៗនោះទេ។
គួរបញ្ជាក់ផងដែរថា ពួកគាត់សូមសំណូមពរនៅចំពោះមុខលោក អភិបាលរងខេត្ត និងអភិបាលក្រុងថា បើថ្ងៃក្រោយចង់ធ្វើផ្ទះនៅ ឬធ្វើអ្វីមួយ មានក្រុមរបស់អាជ្ញាធរអប្សរា គេចុះមករុះរើដូចសពមួយដង តើឱ្យពួកខ្ញុំទូរស័ព្ទមកលោកបានដែរទេ? ដូច្នេះពួកខ្ញុំសង្ឃឹមនឹងជឿជាក់លើអាជ្ញាធរខេត្តនិងក្រុងហើយនៅពេលនេះ ៕