សៀមរាប៖ កាលរសៀលថ្ងៃទី២២ កក្កដា គឺជាថ្ងៃទី២ នៃដំណើរ បេសកកម្មតាមបណ្តាខេត្តមួយចំនួន ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ខេត្ត ក្រុង អាជ្ញាធរដែនដីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តសៀមរាប ជាបន្តទៀត បន្ទាប់ពីបានជួប ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីដែលធ្វើនៅសណ្ឋាគារគោកធ្លក ឯកឧត្តម ឃឹមប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានគោរពរាយការណ៍ជូនសម្តេចអំពីសភាពការណ៍ទូទៅ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងរបៀបរៀបរយសង្គម ការអភិវឌ្ឍន៍ និងវិស័យទេសចរណ៍ ដ៏មានសក្ដានុពលដែលវិស័យនេះ មានចំនួនភ្ញៀវកើនបើប្រៀបធៀប រយះពេលដូចគ្នានៃសប្ដាហ៍កន្លង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាដំណើរបេសកកម្មរបស់សម្តេចដើម្បីស្វែងយល់អំពីសមិទ្ធផល រីកចម្រើន ផលវិបាកងាយស្រួលតម្រូវការថ្មីៗ នៃការអភិវឌ្ឍន៍ និងបញ្ហាទាំងឡាយដែលបានដំណើរការអស់ជាងពាក់កណ្តាលអាណត្តិមកនេះ ជាពិសេសពិនិត្យមើលបញ្ហាប្រឈមសេសសល់ដែលត្រូវធ្វើការដោះស្រាយ។សម្តេច បន្តថា ការដែលសម្តេចចុះមូលដ្ឋានជាទម្លាប់របស់សម្តេចតាំងពីជំនាន់ជិះម៉ូតូលើផ្លូវរដិបរដុប តាំងពីក្រោយឆ្នាំ១៩៧៩មក តាំងពីបក្សប្រឆាំងមិនទាន់កើត ប៉ុន្តែបែរជាមេបក្សប្រឆាំងរូបនោះ ថា សម្តេចធ្វើតាមគេទៅវិញ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានសំដែងនូវការរីករាយ ដែលបានមកជួបជុំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាខេត្តមួយចំនួននេះ ហើយសម្តេច ក៏បានសំណេះសំណាលដោយរម្លឹក អំពី សង្គ្រាម បែកបាក់ រវាងខ្មែរ និងខ្មែរពីអតីតកាល និងបានលើកឡើងពីប្រវត្តិ នៃការតស៊ូ ស្វែងរកសន្តិភាព ដែលសម្តេច បានដាក់ចេញនូវនយោបាយ បង្រួបបង្រួមជាតិ ជាពិសេសនយោបាយឈ្នះឈ្នះរហូតធ្វើឱ្យប្រទេសរបស់យើង ទទួលបាន នូវសន្តិភាពយ៉ាងពេញលេញ រហូតដល់ដល់បច្ចុប្បន្ននេះ។សម្តេចបញ្ជាក់ថា សន្តិភាពនេះហើយ វាគឺជាកត្តាអនុគ្រោះ សម្រាប់ការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃគឺបាន កសាងប្រទេសរបស់យើងឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញ អស់ស្ទើរគ្មានសល់ ដោយសង្គ្រាមនិងរបបប្រល័យពូជសាសន៍ពីអតីតកាលនោះអោយរីកចំរើនយ៉ាងច្រើន។សម្តេចតេជោ បន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅតែបន្តការគិតគូរជាអាទិភាពដើម្បីកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ ដែលវិស័យទាំងនោះមានដូចជា ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង។ក្នុងន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តាំផ្ញើឱ្យមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ និង កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ គប្បីរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឱ្យបានគង់វង្ស។ សម្តេច អគ្គមហាសេនាបតី តេជោ ក៏បានលើកឡើងអំពីកិច្ចការកំណែ ទម្រង់នានាដូចជាវិស័យរដ្ឋបាលសាធារណៈ កងកម្លាំងប្រដាប់អាវុធ ការដំឡើង ប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ការគោរពសិទ្ធិមនុស្ស និងការប្រឆាំង នឹងអំពើពុករលួយជាដើម។ជាទីបញ្ចប់ សម្តេចបានផ្តាំផ្ញើក្រុមប្រឹក្សាអាជ្ញាធរដែនដីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ខិតខំធ្វើកិច្ចការអោយបានល្អរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍ ជាពិសេសខិតខំផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋអោយឆាប់រហ័សទាន់ពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលក្នុងតម្រូវការប្រើប្រាស់ និងសេចក្តីសុខជីវភាពរស់នៅកាន់តែប្រសើរឡើងថែមទៀត៕ វណ្ណ លុក