សៀមរាប តាមរយៈនៃការប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន លេខាធិការដ្ឋានរដ្ឋបាល នៃរចនាសម្ព័ន្ធលេខាធិការដ្ឋានសាលាដំបូង ក្នុងនោះខេត្តសៀមរាបបានប្រារព្ធពិធីប្រកាសនេះ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ គឺជាការបង្ហាញនូវគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងយន្តការ និងប្រសិទ្ធិភាពនៃការគ្រប់គ្រងការងាររដ្ឋបាល និងអយ្យការអមសាលាដំបូង ក្នុងការធានាគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវា បង្កើនជំនឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ក្នុងវិស័យយុត្តិធម៌ ។ លោក កើត រិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានវត្តមានក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះ ។ ផ្តើមចេញពីអង្គពិធីនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២១ អនក្រ. បក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅ របស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ។ តាមរយៈនៃអនុក្រឹត្យនេះ គេរំពឹងទុកថា នឹងបានរួមធ្វើឲ្យកាន់តែច្បាស់លាស់ និងប្រសិទ្ធិខ្ពស់ ក្នុងការបំរើសេវាផ្នែកយុត្តិធម៌ ជូនប្រជាពលរដ្ឋ ។
លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានថ្លែងនូវការអំពាវនាវ សូមឲ្យអាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ប្រជាពលរដ្ឋ និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការទទួលខុសត្រូវ ចូលរួមសហការជាមួយក្រសួងយុត្តិធម៌ និងសាលាដំបូងខេត្ត តាមរយៈនៃការគោរពច្បាប់ និងយោគយល់អព្យាស្រ័យគ្នា ដើម្បីសង្គមជាតិមានសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ល្អ ប្រកបដោយសេចក្តីថ្លៃថ្នូរ ។លោក កើត រិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានពន្យល់បង្ហាញអំពីបរិបទ នៃការប្រែប្រួលថ្មី ក្នុងការប្រើប្រាស់ ឬក៏ការទំនាក់ទំនងជាមួយវិស័យយុត្តិធម៌ ។ ក្នុងនោះដែរ លោកសង្កត់ធ្ងន់ អំពីតួនាទីរក្សាការសម្ងាត់នៃសំណុំរឿងរបស់ចៅក្រម ដែលតែងតែងមានបញ្ហាប្រឈមជាមួយនឹងការចង់ដឹងរបស់មហាជន និងអ្នកសារព័ត៌មាននោះ ។ លោកពន្យល់ថា វាគឺជាវិជ្ជាជីវៈ ដែលត្រូវហាមចៅក្រមមិនឲ្យនិយាយជាមួយសាធារណជន ឬអ្នកសារព័ត៌មាននោះឡើយ ។ លោកក៏បានបញ្ជាក់ដែរថា នៅក្នុងបរិបទថ្មីនេះ បើមហាជនមិនបានទទួលព័ត៌មានពិត ហើយមានព័ត៌មានបំភិតបំភ័យជនរងគ្រោះ កំប៉ោងបំផ្លើសការពិត អ្នករងគ្រោះម្នាក់ទៀតគឺត្រូវធ្លាក់ទៅលើអ្នកចាត់ការសំណុំរឿង ដូច្នេះតើត្រូវមានដំណោះស្រាយយ៉ាងដូចម្តេច ? ។ លោកបានបកស្រាយថា ក្រសួងយុត្តិធម៌ត្រូវបានការពិគ្រោះយោបល់ ដោយការចូលរួមពីសាលាជំរះក្តី និងអយ្យការអមសាលាជំនះក្តីគ្រប់ជាន់ថ្នាក់ ទើបបានសម្រេចបង្កើតអ្នកនាំពាក្យ ហើយអ្នកនាំពាក្យ មិនអាចជាចៅក្រមនោះឡើយ ។
លោកបានបញ្ជាក់បន្ថែមដែរថាអង្គភាពរដ្ឋបាលសាលាដំបូង ដើតួនាទីមិនត្រឹមតែបំរើសេវាជួរមុខ ជូនសាធារណជនដែលប្រើសេវាយុត្តិធម៌នោះទេ តែក៏មានតួនាទីជាអ្នកផ្តល់ព័ត៌មានបឋមមួយចំនួន ដែលទាក់ទងទៅអ្វីដែលកើតឡើងក្នុងសាលាដំបូង អ្វីដែលកើតឡើងក្នុងអយ្យការសាលាដំបូង ក៏ប៉ុន្តែលេខាធិការសាលាដំបូងមិនមែនជាអ្នកដែលបញ្ចេញគ្រប់ចំណាត់ការសំណុំរឿងរបស់ចៅក្រម ឬរបស់តុលាការនោះទេ មានតែព័ត៌មានបឋម ព័ត៌មានដែលមិនមានពាក់ព័ន្ធនឹងការសម្ងាត់តែប៉ុណ្ណោះ ជៀសវាងជនល្មើសរៀបចំ សេណារីយ៉ូ ការពារខ្លួន ៕ ដោយគឿនវេត