ខេត្តកំពង់ឆ្នាំង៖ ឈើប្រណិតប្រភេទធ្នង់ចំនួន៧សន្លឹកធំៗ ប្រមាណជាង១ម៉ែត្រគូប ដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត ត្រូវសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច និងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើកំពង់ឆ្នាំងស្ទាក់ចាប់បាន ក្រោយពីពួកគេព្យាយាមដឹកឆ្លងទន្លេមកឡើងច្រាំងនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៦នេះ។ សមត្ថកិច្ចចំរុះបានអោយដឹងថា៖ ឈើនេះបានដឹកចេញពីសិប្បកម្មដុះស្លែមួយកន្លែងរបស់ឈ្មោះ ឌៀប តឿង ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលសិប្បកម្មមួយនេះរកស៊ីតែជាមួយនឹងឈើប្រណិតតែប៉ុណ្ណោះ។ ក្រោយពីទទួលបានព័ត៌មានបានពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច និងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដោយមានការសម្របសម្រួលនិងបញ្ជារពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានពួនស្ទាក់ចាំនៅត្រើយម្ខាងក្នុងក្រុងកំពង់ឆ្នាំង។ នៅវេលាម៉ោងខាងលើ ឈើប្រណិតទាំង៧សន្លឹកធំៗនេះ ពួកគេបានដឹកតាមកាណូតទេសចរណ៍ពាក់ផ្លាកលេខ ក.ឆ-2541 ជាកាណូតរបស់ឈ្មោះ ហេង សុវណ្ណា នាយកចាត់ការទូទៅនៃផែទេសចរណ៍ផ្សារក្រោម ត្រូវសមត្ថកិច្ចចាប់បាននៅពេលពួកគេដឹកមកដល់ច្រាំង។ក្រោយពេលចាប់បាន ម្ចាស់ឈើ និងម្ចាស់កាណូតបានគេចខ្លួនបាត់ភ្លាមៗដែរ បន្សល់ទុកឈើប្រណិត និងកាណូតនៅច្រាំងទន្លេស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង តែប៉ុណ្ណោះ។
លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងបានអោយដឹងថា៖ ឈើទាំង៧សន្លឹក និងកាណូតទេសចរណ៍ដឹកឈើប្រណិតខុសច្បាប់ លោកកំពុងអោយសមត្ថកិច្ចជំនាញយកមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាការខេត្ត ព្រមទាំងស្រាវជ្រាវរកម្ចាស់ឈើ និងម្ចាស់កាណូតចាត់ការតាមនិតិវិធី។
ចំពោះលោក ហេង សុវណ្ណា ជានាយកចាត់ការទូទៅនៃផែទេសចរណ៍ផ្សារក្រោម និងជាម្ចាស់កាណូតដឹកឈើខុសច្បាប់នេះ មិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទមិនចូល។
ប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា៖ កន្លងមកគេតែងតែឃើញការចរាចរណ៍ឈើប្រណិតពីស្រុកកំពង់លែងជាច្រើនលើក មិនដែលសមត្ថកិច្ចជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្ក្រាបបានឡើយ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋអោយដឹងថា៖ ឈើប្រណិតខុសច្បាប់ខាងលើនេះ គឺមកពីពួកគេដឹកឆ្លងកាត់សែនមិនត្រូវ ទើបគេរាយការណ៍អោយព្រះរាជអាជ្ញា បញ្ជារអោយចាប់តែម្តង៕