មណ្ឌលគិរី៖ កូនដំរីព្រៃឈ្មោល០១ក្បាល ត្រូវបានជនជាតិដើមភាគតិចដើរដងជ័រទឹកក្នុងព្រៃប្រទះឃើញជាប់អន្ទាក់ព្រាន ព្រៃ រាយការណ៍មកមន្ត្រីជំនាញឲ្យជួយសង្គ្រោះ កាលពីថ្ងៃទី២៤ កក្កដា ២០១៦ ដោយកូនដំរីព្រៃនោះបានជាប់អន្ទាក់ នៅចំណុចគីឡូម៉ែត្រ៦៤ ជាប់អូរប៉ាម ក្បែរព្រំប្រទល់ប្រទេសវៀតណាម ស្ថិតក្នុងភូមិសាស្ត្រឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។លោក ជុំ សុផល មន្ត្រីបរិស្ថាននៃដែនជម្រកសត្វព្រៃកែវសីមាបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាម ក្រុមមន្ត្រីបរិស្ថាននៃដែនជម្រកសត្វព្រៃកែវសីមា បានសហការជាមួយអ្នកជំនាញសត្វដំរី ចុះទៅទីតាំងដែលកូនដំរីព្រៃជាប់ អន្ទាក់នោះភ្លាមៗដែរ និងពិនិត្យឃើញកូនដំរីព្រៃឈ្មោលនោះមានសភាពទ្រុតទ្រោមយ៉ាងខ្លាំង ដោយសារតែដាច់ចំណី ព្រមទាំងមានរបួសធ្ងន់ធ្ងរទៀតផង គឺរបួសត្រង់ករជើងមុខខាងឆ្វេងមួយកន្លែង ជាជើងជាប់អន្ទាក់ មានសភាពហើមរលេះ ស្ទើដាច់ និងរបួសមួយកន្លែងទៀតត្រង់ពង ។ លោក ជុំ សុផល បានឲ្យដឹងទៀតថា កូនដំរីព្រៃនេះមានអាយុប្រហែល១ឆ្នាំ ហើយតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញកូនដំរីនេះបានជាប់អន្ទាក់រយៈពេលប្រមាណ០១ខែមកហើយ ទើបធ្វើឲ្យសុខ ភាពវាចុះខ្សោយយ៉ាងខ្លាំងបែបនេះ ។
មន្ត្រីដែនជម្រកសត្វព្រៃកែវសីមាបញ្ជាក់ថា ក្រោយពីជួយសង្គ្រោះកូនដំរីខាងលើពីអន្ទាក់រួចមក ក្រុមមន្ត្រីជំនាញ បានដឹកកូនដំរីនេះតាមគោយន្ត ដើម្បីយកមកសង្គ្រោះ ប៉ុន្តែដោយស្ថានភាពផ្លូវពីក្នុងព្រៃចេញមកខាងក្រៅមានភាពលំបា កខ្លាំងពេក ចំណែកសុខភាពរបស់កូនដំរីចុះទ្រុតទ្រោមខ្លាំងផងនោះ គឺវាបានដាច់ខ្យល់ងាប់នៅពាក់កណ្ដាលផ្លូវកាលពីវេ លាម៉ោង០១រលងអធ្រាត ថ្ងៃទី២៥ កក្កដា ២០១៦ ហើយបច្ចុប្បន្នសពកូនដំរីឈ្មោលនេះ ត្រូវបានយកមករក្សាទុកនៅ ស្នាក់ការអភិរក្សជីវចម្រុះសីមា ស្ថិតក្នុងស្រុកកែវសីមា ។
សូមបញ្ជាក់ថា បើគិតចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន គេធ្លាប់បានប្រទះឃើញខ្មោចសត្វដំរីព្រៃ០៥ក្បាល ហើយក្នុងព្រៃខេត្តមណ្ឌលគិរី ដែលត្រូវគេបាញ់សម្លាប់ ដោយការបាញ់សម្លាប់ប្រភេទសត្វព្រៃកម្រទាំងនេះ គេសន្និដ្ឋានថា ក្រុមព្រានព្រៃចង់បានវត្ថុមានតម្លៃលើដងខ្លួនសត្វទាំងនេះ ដើម្បីជួយដូរក្នុងទីផ្សារសង្គមងងឹត ៕
ម៉ារ៉េត