បាត់ដំបងៈ គ្រោះធម្មជាតិមួយបានកើតឡើងខណៈដែលមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ
ហើយក៏មានក្មេងប្រុសម្នាក់ បានចេញទៅត្រងទឹក និងលេងទឹកភ្លៀងនៅក្បែផ្ទះផងដែរ
ដែលធ្វើអោយដួលសន្លប់ភ្លាមៗ បន្ទាប់ពីមានរន្ទះមួយបានបាញ់ទៅលើដងអង់តែន
ទូរទស្សន៍នៅខាងលើដំបូលផ្ទះឯណោះ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ស្រុកមោងឫស្សី
បានលើកឡើងថា នៅវេលាម៉ោង ៤ និង៤៥ នាទី ល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចព្រៃដុប ក្នុងក្រុមទី៣ ភូមិបោះពួយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះធម្មជាតិមួយបានកើតឡើង គឺរន្ទះបាញ់ ដែលបានបាញ់ទៅលើលំនៅឋាន
មួយខ្នងរបស់លោក ជន ភ័ក្ត្រ អាយុ៤១ឆ្នាំ និងអ្នកស្រី សាំ សាង អាយុ៤០ឆ្នាំ ។
របាយការណ៍បានបន្តទៀតថា នៅពេលនោះដែរ គឺមេឃកំពុងតែមានភ្លៀងធ្លាក់ស្រិចៗ
ដោយនៅពេលនោះដែរ កូនប្រុសរបស់ម្ចាស់ផ្ទះឈ្មោះ ភ័ក្រ សុភាព អាយុ ១៣ឆ្នាំ
គឺបានចេញទៅត្រងទឹក និងលេងទឹកភ្លៀងនៅក្បែជញ្ជាំងផ្ទះផង ដោយម្នាក់ៗមិនបាន
ចាប់អារម្មណ៍ថាគ្រោះធម្មជាតិអាចកើតមានឡើងនៅចំពោះមុខនាពេលខាងមុខឡើយ ។
សាក្សីបាននិយាយថា ភ្លាមៗនោះដែរក៏ស្រាប់តែមានសំលេងមួយបានលាន់ឮយ៉ាងខ្លាំង ប្រៀបបីដូចជាមានការបាញ់កាំភ្លើងយ៉ាងដូច្នេះដែរ តែធាតុពិតគឺជារន្ទះមួយបានបាញ់ទៅលើសសរអង់តែនទូរទស្សន៍ដែលដាក់បញ្ឈរនៅក្បែផ្ទះ បណ្តាលអោយបាក់រំដល់ដី
ព្រមទាំងបានបង្កអោយបែកពាងទឹកមួយ និងធ្វើអោយក្មេងប្រុសរងគករោះនោះដួល
សន្លប់នៅក្បែពាងទឹកនោះតែម្តង ។
លុះនៅវេលាម៉ោង ៥ ល្ងាចថ្ងៃដដែល ក៏ស្រាប់តែមានរន្ទះមួយទៀតបានបាញ់ទៅលើ
យុវជនម្នាក់ឈ្មោះ អុិន ដារ៉ូ អាយុ ២៦ ឆ្នាំ រស់នៅក្រុមទី៥ ភូមិរាំងក្រោល ឃុំរាំងកេសី
ស្រុកសង្កែ ខណៈដែលយុវជនរូបនេះកំពុងបូមទឹកដាក់បញ្ចូលស្រែនៅខាងក្រោយផ្ទះ
ក្រោមដំណក់ទឹកភ្លៀងស្រិចៗ ដែលបណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង
ដោយបច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ ៕