ស្ទឹងត្រែង៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយសហការជាមួយអង្គការបរិស្ថាន បានឃាត់ខ្លួនមនុស្ស៤នាក់រួមជាមួយកាំភ្លើងAKចំនួន៣ដើមនិងកាំភ្លើងឆ្នៃ២ដើម គោយន្ត១គ្រឿង និងសម្ភារៈជាច្រើនទៀតដែលបំរើឱ្យបទល្មើសខុសច្បាប់។
ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃ២៤ខែកក្កដាឆ្នាំ២០១៦ នៅត្រង់ចំណុចភ្នំតាកោក្នុងព្រៃសហគមន៍ ស្ថិតក្នុងភូមិវ៉ឺនសៀនឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្វាយបានឱ្យដឹងថាជនសង្ស័យទាំង៤នាក់ពាក់ព័ន្ធនិងការប្រើប្រាស់អាវុធដោយខុសច្បាប់នោះ មាន១ឈ្មោះឡេង ប៊ុនប៉ែង ភេទប្រុស អាយុ២០ឆ្នាំមុខរបរកសិកររស់នៅភូមិអូស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់។២ឈ្មោះឡេង ណាត ភេទប្រុស អាយុ៣០ឆ្នាំ មុរបរកសិករមានទីលំនៅភូមិកោះកី ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់។៣ឈ្មោះណៃ ផែង ភេទប្រុស អាយុ៤៨ឆ្នាំនិង៤ឈ្មោះលី សុខុម ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថានៅមុនឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចបានឃើញគោយន្តមួយគ្រឿងមានគ្នាចំនួន៧នាក់ ដឹកសម្ភារៈបំរើឱ្យបទល្មើសជាច្រើន បើកចូលក្នុងព្រៃសហគមន៍ ដោយមានការសង្ស័យ បានធ្វើការឆែកឆេរស្រាប់តែជនសង្ស័យចំនួន៣នាក់បានរត់គេចខ្លួនបាត់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។ក្រោយការឆែកឆេរសមត្ថកិច្ចបានរកឃើញកាំភ្លើងAK៤៧ចំនួន៣ដើមនិងកាំភ្លើងឆ្នៃចំនួន២ដើម ឧបករណ៍ឆក់ត្រីចំនួន២ អាគុយ១ គោយន្ត១គ្រឿង។ ជនសង្ស័យបានឆ្លើយសារភាចំពោះមុខសមត្ថកិច្ចថាខ្លួនគ្នាចំនួន៧នាក់ក្នុងកាំភ្លើង៥ដើមកាំភ្លើ១ដើមបានខ្ចីពីមេប៉ុស្តិ៍កោះស្នែងឈ្មោះហាន ជនសង្ស័យមិនបានបញ្ជាក់ថាកាំភ្លើង៤ដើមផ្សេងទៀតនោះ បានមកពីណាទេ។ ក្រោយការឃាត់ខ្លួននិងបានសាកសួរបឋមជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងខាងលើ នគរបាលប៉ុស្តិ៍អូរស្វាយនិងអង្គការបរិស្ងាន បានប្រគល់វត្ថុតាងដែលដកហូតបាន ឱ្យទៅមន្ទីរបរិស្ថានសាកសួរបន្តនិងធ្វើកំណត់ហេតុ បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។ចំណែកជនសង្ស័យ៣នាក់ទៀត ដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាត់ការបន្ត៕