គីដាល់៖ ទាហានម៉ាលីចំនួន៥០នាក់បានស្លាប់ អំឡុងពេលប្រយុទ្ធគ្នាក្នុងសប្តាហ៍នេះ ក្នុងការបណ្តេញពួកឧទ្ទាមទួរ៉េក ចេញពីតំបន់ភាគពាយព្យទីក្រុងគីដាល់។ នេះបើតាមរដ្ឋ មន្ត្រីការពារជាតិម៉ាលីនិយាយកាលពីថ្ងៃអាទិត្យ ហើយត្រូវបានវេបសាយបរទេសផ្សាយនៅថ្ងៃចន្ទនេះ។
លោករដ្ឋមន្ត្រី Soumeylou Boubeye Maiga បាននិយាយប្រាប់ទូរទស្សន៍មួយថា ការប្រយុទ្ធគ្នាបានបណ្តាលឲ្យទាហាន៥០នាក់ស្លាប់ និង៤០នាក់បានទទួលរងរបួស។ការប្រយុទ្ធគ្នាដំបូងបានកើតឡើងខ្លាំងនៅថ្ងៃពុធ ដែលបណ្តាលឲ្យមានទាហានស្លាប់២០ និង៣០នាក់របួស។
លោកនាយករដ្ឋមន្ត្រីម៉ាលី មូស្សា ម៉ារ៉ា (Prime Minister Moussa Mara.) បាននិយាយថា កងទ័ពត្រូវបានបញ្ជូនទៅកាន់គីដាលបន្ថែម ដើម្បីប្រយុទ្ធជាមួយពួកឧទ្ទាមទួរ៉េក បំបែកខ្លួន កាលពីចុងសប្តាហ៍មុន។
មិនមានរបាយការណ៍លម្អិតពីកម្លាំងពួកឧទ្ទាមទួរ៉េក ស្លាប់ ឬរបួសនោះទេ ប៉ុន្តែទាំងកម្លាំង រដ្ឋាភិបាល និងពួកឧទ្ទាមសុទ្ធតែបានស្លាប់ និងរបួសក្នុងេហតុការណ៍ប្រយុទ្ធគ្នាចាប់តាំងពី ថ្ងៃពុធសប្តាហ៍មុន រហូតមកដល់ពេលនេះ។ កិច្ចពិភាក្សាចរចាសន្តិភាព និងការដោះដូរអ្នក ទោស ក៏ជាប្រធានបទសម្រាប់កិច្ចចរចាដែលទាមទារឲ្យមានការស៊ើបអង្កេតជាអន្តរជាតិ ផងដែរ៕