កំពត-ស្រុកឈូក ៖ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានដឹកនាំប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានដូចជា អង្ករ ០១បាវ ទម្ងន់ ៥០គីឡូក្រាម ទឹកត្រី ០១យួរ ទឹកសុីអីុវ ០១យួរ ស្កសរ ០១គីឡូក្រាម ប៊ីចេង ០១គីឡូក្រាម ទឹកដោះគោឆៅ ០២ឡូ ទឹកដោះគោម្សៅ ០២កំប៉ុងធំ កំប៉ុងសម្រាប់ឆុងទឹកដោះកូនង៉ែតចំនួន ០២ ទឹកសុទ្ធ ០៥កេះ និងថវិកាចំនួន ៤០មុឺនរៀល ។ ព្រមជាមួយនោះ លោកវរសេនីយ៍ឯក នៃ គង់ ស្នងការរង ទទួលផែនអត្តសញ្ញាណកម្ម និងឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមចលនាយុវជនខេត្តកំពត ក៍បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ចំនួន ២០មុឺនរៀលបន្ថែមទៀត ជូនដល់ស្ត្រីមេម៉ាយម្នាក់ឈ្មោះ នូច សុភា ភេទស្រី អាយុ ២០ឆ្នាំ ដែលកើតជំងឺមហារីកដោះ នៅភូមិស្រង៉ែ ឃុំបឹងនិមល ស្រុកឈូក ។ដោយពិនិត្យឃើញជាក់ស្តែងពីភាពទីទាល់ក្ររបស់នារីនេះ លោកស្នងការ ក៍បានបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យស៊ុនយ៉ាឃៀល ដោយថ្លៃសេវានិងព្យាបាលទាំងអស់ជាបន្ទុករបស់លោកស្នងការ ទទួលខុសត្រូវ ។
ទន្ទឹមគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្ត លោកវរសេនីយ៍ឯក នៃ គង់ ឯកឧត្តម ភុន សារពេជ្រ និងលោកវរសេនីយ៍ត្រី សំរិទ្ធ សិលាវិបុល អធិការស្រុកឈូក បានបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ចំនួន ២០មុឺនរៀល សរុបទាំងអស់ចំនួន ៨០មុឺនរៀល ជូនដល់អ្នកជំងឺកើតទាចទឹកម្នាក់ទៀត ឈ្មោះ ភោគ សាម៉េត ភេទស្រី អាយុ ៣៨ឆ្នាំ នៅក្នុងភូមិ_ឃុំខាងលើនេះដែរ ។