វក់​លែង​ល្បែង​ក្នុងកា​សុ​ី​ណូ​ប៉ោយប៉ែត ភ្លេច​កូន​អាយុ​៣​ខែ​ក្នុង​ បន្ទប់​សណ្ឋាគារ​២​ថ្ងៃ​

0

បាត់ដំបងៈ ទារកម្នាក់ដែលទើបតែមានអាយុ៣ខែ ត្រូវបានឪពុក ម្តាយ ទុកចោល
នៅក្នុងបន្ទប់សណ្ឋាគារចំនួន២ថ្ងៃ មួយយប់ ដោយមិនបានបើកម៉ាសុីនត្រជាក់ ឬភ្លើង
បំភ្លឺនៅក្នុងបន្ទប់នោះឡើយ ខណៈដែលពួកគេបាននាំគ្នាឆ្លងដែនតាមច្រកអន្តរជាតិ
ប៉ោយប៉ែត ចូលមកក្នុងទឹកដីកម្ពុជា ដើ៊ម្បីលែងល្បែងនៅក្នុងកាសុីណូ ។

យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃបានអោយដឹងថា មានការភ្ញាក់ផ្អើលមួយ
បានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយសារតែគេបានទទួល
ព័ត៌មានថាមានករណីទុកទារកចោលនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ដែលស្ថិតនៅ
ភូមិខ្លងលឹក ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ ដោយគ្មានឪពុក ម្តាយណាម្នាក់
នៅជាមួយឡើយ ។

តាមការអះអាងពីម្ចាស់សណ្ឋាគារបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២១
ខែកក្កដា ឆ្នាំ២០១៦ មានប្តី ប្រពន្ធ ពីរនាក់ដោយមានពរកូនតូចមកជាមួយផង
បានមកជួលបន្ទប់លេខ ២៦ ជាន់ទី២ នៃសណ្ឋាគាររបស់លោកដើម្បីស្នាក់នៅ
ដោយបុរសជាប្តីបាននិយាយប្រាប់ថា ពួកគេរស់នៅក្នុងសង្កាត់ដនមឿង ក្រុងបាងកក
ប្រទេសថៃ គឺធ្វើដំណើរមកដើម្បីឆ្លងដែនចូលទៅក្នុងទឹកដីកម្ពុជា ត្រង់ចំណុចប៉ោយប៉ែត
លែងល្បែងក្នុងកាសុីណូ ។

ម្ចាស់សណ្ឋាគារបានបន្តថា ចាប់ពីពេលនោះមក គេសង្គេតឃើញថា បុរសជាស្វាមី
បានឆ្លងចូលទៅលែងរាល់ថ្ងៃ ដោយទុកអោយស្ត្រីដែលជាភរិយាជាអ្នកនៅមើលកូនតូច
ក្នុងបន្ទប់សណ្ឋាគារ ។ លុះថ្ងៃទី២៣ ខែ ឆ្នាំដដែល គេមិនបានដឹងថាប្តីប្រពន្ធនេះ
ចេញទៅលែងល្បែងពីពេលណានោះទេ ដោយនៅក្នុងបន្ទប់មានសភាពស្ងប់ស្ងាត់ ។

ស្រាប់តែនៅល្ងាចថ្ងៃទី២៥ ក៏បានឮសម្លេងក្មេងយំយ៉ាងខ្លាំងចេញពីបន្ទប់លេខ ២៦ នោះ
ដោយមានការសង្ស័យទើបគេយកកូនសោរបន្ទប់មកចាក់បើកទ្វារមើល ក៏បានប្រទះឃើញ
ទារកមួយ ជាក្មេងប្រុស ដេកនៅលើគ្រែតែម្នាក់ឯង ដោយក្នុងបន្ទប់នៅមិនមានការ
បើកភ្លើង ឬបើកម៉ាសុីនត្រជាក់ឡើយ ដែលស្ថិតក្នុងសភាពងងឹតឈឹង ទើបគេបាន
រាយការណ៍ទៅក្រុមតម្រួតដែលនៅក្បែអោយមកត្រួតពិនិត្យ ។

ជាក់ស្តែង នៅលើគ្រែគឺមានលិខិតបញ្ជាក់កំណើតកូនប្រុសរូបនេះដែលទើបតែមាន
អាយុ៣ខែគត់ ហើយឪពុកមានអាយុ៤៤ឆ្នាំ និងម្តាយអាយុ៤០ឆ្នាំ រស់នៅទីក្រុង
បាងកក ប្រទេសថៃ ព្រមទាំងមានសរសេរលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងផង
ទើបសមត្ថកិច្ចបានព្យាយាមតេ ដោយប្រើរយៈពេលប្រមាណជាង២ម៉ោងទើបឪពុក
របស់ទារកនោះព្រមទទួលខ្សែទូរស័ព្ទ ដោយតម្រួតបានបញ្ជាអោយគេឆ្លងដែនមក
ទឹកដីថៃវិញដើម្បីធ្វើការសាកសួរថាតើគេមានចេតនាទុកកូនចោលឬយ៉ាងណា ?
ព្រោះបើគេមានចេតនាមែន គឺអាចប្រឈមមុខនឹងផ្លូវច្បាប់ ។

ប៉ុន្តែនៅចំពោះមុខសមត្ថកិច្ចថៃ បុរសជាឪពុកដែលជាជនជាតិថៃដែរនោះបានសារភាពថា
ពួកគេទាំងពីរនាក់ប្តី ប្រពន្ធ គឺបាននាំគ្នាមកលែងល្បែងក្នុងកាសុីណូប៉ោយប៉ែត ប៉ុន្តែ
ដោយសារតែមួយរយៈក្រោយមកមានការចាញ់ច្រើនពេកទើបពួកគេបាននាំគ្នាលែង
ទាំងថ្ងៃ ទាំងយប់ ក៏មានការភ្លេចកូនតូចដែលនៅដេកក្នុងបន្ទប់សណ្ឋាគាររហូត២ថ្ងៃ
មួយយប់ ទីបំផុតក៏មានការភ្ញាក់ខ្លួនខណៈដែលមានតម្រួតតេចូលមក បច្ចុប្បន្នក្រោយពី
ធ្វើការសាកសួររួចមកទើបសមត្ថកិច្ចលើកលែងនូវទោសកំហុសអោយ តែជាសំណាងល្អ
ដោយសារតែកូនតូចនេះមិនស្លាប់ ៕image4 image3 image2 image1