ណែម​ត្រី និង​ប្រហិត​ត្រី​រាប់​តោន ត្រូវបាន​ដកហូត​ដើម្បី​កម្ទេចចោល​

0

 

បាត់ដំបងៈ ណែមត្រី និងប្រហិតត្រីដែលកំពុងពេញនិយមនៅក្នុងខេត្តបាត់ដំបង ត្រូវបាន
កំលាំងជំនាញ សហការជាមួយសមត្ថកិច្ថចេញប្រតិបត្តិការចុះប្រមូលទាំងទីតាំងដាក់លក់
ក៏ដូចជាទីតាំងផលិត ដោយមានចំនួនរាប់តោន ដោយសារតែចំណីអាហារទាំងនេះ
បង្កប់ទៅដោយសារធាតុគីមីម្យ៉ាង ដែលអាចបង្កអោយមានការប៉ះពាល់ដល់គ្រឿងក្នុង
នៃសពាង្គកាយរបស់មនុស្សបាន ។ចាប់តាំងពីថ្ងៃទី២៨ រហូតមកទល់នឹងព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦ កំលាំងសាខាកាំកុងត្រូលខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ហាក់ សុខរិន បានសហការជាមួយនឹងសមត្ថកិច្ចចុះប្រតិបត្តិការទៅកាន់ទីតាំងដែលផលិតណែមត្រី ប្រហិតត្រីនិងសង្វាក់ត្រី រាប់សិបកន្លែង ដែលស្ថិតនៅក្នុងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំដោយបានធ្វើការត្រួតពិនិត្យទៅលើផលិតផលដែលកែច្នៃអំពីត្រីត្រសក់ ដែលនាំចូល
ពីប្រទេសថៃ គឺពិនិត្យឃើញថាសាច់ត្រីទាំងនេះសុទ្ធតែមានលាយផ្សំជាមួយនឹងសារធាតុ
គីមី ម្យ៉ាងឈ្មោះ បូរ៉ាក់ ដែលជាសារធាតុគីមីម្យ៉ាងអាចធ្វើអោយមានការប៉ះពាល់ដល់
សុខភាពអ្នកដែលបានបរិភោគវា ពិសេសគឺអាចប៉ះពាល់ដល់គ្រឿងក្នុងនៃសពាង្គកាយ
ដូចជា ថ្លើម បេះដូង ពោះវៀន ក្រពះ និងក្រលៀន ។

ដោយសង្គេតឃើញថាចំណីអាហារដែលបានកែច្នៃ ព្រមទាំងមានផ្សំជាមួយនឹង សារធាតុគីមីបែបនេះ កំលាំងជំនាញបានធ្វើការដកហូតនូវប្រភេទប្រហិតត្រី ដែលគេ ត្រៀមផលិតទៅជាណែមត្រីឆៅបានចំនួន ១តោន ២០០គីឡូក្រាម ព្រមទាំងបានអោយ
ម្ចាស់នៃទីតាំងផលិតទាំងនោះធ្វើកិច្ចសន្យាផ្អាកសកម្មភាពជាបណ្តោះអាសន្ន ។ មិនត្រឹម
តែប៉ុណ្ណោះទេ កំលាំងបានបន្តដំណើរទៅកាន់ទីតាំងលក់ ចែកចាយនៅចំណុច ខាងកើត
រង្វង់មូលព្រាបសដែលនៅទីនោះមានការដាក់ព្យួរលក់ជាហូរហែរនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ព្រមទាំងបានដកហូត
នូវប្រភេទណែមត្រីមូល និងវែង បានចំនួន ៦០០ គីឡូក្រាម ថែមទៀតផង ដោយក្នុង ណែមត្រីនីមួយៗ សុទ្ធតែមានដាក់យីហោ និងស្លាកសញ្ញាថាផលិតអំពីសាច់ត្រីរ៉ស់
សុទ្ធសាធ ប៉ុន្តែធាតុពិតគឺគេបានកែច្នៃពីត្រីត្រសក់ ដែលជាប្រភេទត្រីឆ្អឹងមកពីប្រទេសថៃ
ទាំងអស់ ដោយមានខ្លះអាចជាត្រីដែលខូចគុណភាពផងដែរ ព្រោះគេអាចយកមក
កែច្នៃបានដោយអាចទៅលើសារធាតុគីមី បូរ៉ាក់ នេះ ដែលធ្វើអោយសាច់ត្រីមិនស្អុយ
ហើយស្វិតថែមទៀតផង ។

គួរបញ្ជាក់ដែរថា កន្លងមក កម្ពុជាថ្មី បានចេញផ្សាយជាច្រើនលេខរួចមកហើយ
អំពីភាពធូររលុងរបស់សមត្ថកិច្ចជំនាញដែលឈរជើងនៅតាមបណ្តាច្រកដែលស្ថិត
នៅជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ពិសេសគឺច្រកតំបន់គីឡូ១៣ ដែលគេសង្គេតឃើញមានការដឹកជញ្ជូនឆ្លងដែនចូលមកក្នុងទឹកដីស្រុកសំពៅលូនយ៉ាងគគ្រឹកគគ្រេង ដែលធ្វើអោយក្រុមឈ្មួញអាចនាំចូលប្រភេទត្រីទាំងនេះបានដោយងាយ បើទោះជាត្រីមានសភាពអន់សាច់យ៉ាងណាក៏ដោយ គឺពួកគេគិតតែផលប្រយោជន៍ដើម្បីចូលក្នុងហោបៅ៉តែប៉ុណ្ណោះ ចំពោះការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋគឺពួកគេមិនខ្វល់ឡើយ ។

បើតាមប្រភពក្រៅផ្លូវការមួយបានបង្ហើបអោយដឹងថា សារធាតុគីមី បូរ៉ាក់ នេះគឺជា
សារធាតុម្យ៉ាងដែលគេប្រើទៅលើសពដើម្បីទុកតំកល់អោយបានយូរថ្ងៃមិនហើម
មិនស្អុយ ហើយសាច់នៅស្វិតល្អថែមទៀតផង ប៉ុន្តែពេលនេះត្រូវបានគេយកមកប្រើ
ជាមួយនឹងប្រហិតត្រី ណែមត្រីទៅវិញសម្រាប់លក់អោយអតិថិជនទិញយកទៅពិសា ។លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលបានសង្កត់ធ្ងន់ថា ស្អែកនេះគឺលោក
បានរៀបចំជាកម្មវិធីមួយដើម្បីដុតបំផ្លាញនូវរបស់របរ និងចំណីអាហារដែលហួស
សុពលភាព និងខូចគុណភាព នៅក្បែអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលក្នុងនោះ
ក៏មានណែមត្រី និងប្រហិតត្រីនេះដែរ ៕image7 image3 image6 image1