ស្ទឹងត្រែង៖ប្រធានមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង លោកស៊ុយ សុភាព បានរងការរិះគន់ពីប្តី និងក្រុមគ្រួសារសាច់ញ្ញាតិ ស្ត្រីរងគ្រោះយ៉ាងចាស់ដៃ ថាមិនបានយកចិត្តទុកដាក់ ក្នុងការមើលអ្នកជំងឺ ទុកឱ្យឈឺកាន់តែធ្ងន់ធ្ងរទើបសង្គ្រោះ ធ្វើឱ្យអ្នកជំងឺស្លាប់។
លោកអន្តា ឌីណា ប្តីស្ត្រីរងគ្រោះមានទីលំនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង នៅថ្ងៃទី២៨កក្កដានេះបានប្រាប់ឱ្យដឹងថា៖ ប្រពន្ធរបស់គាត់មានបញ្ហារសុខភាព ចេះតែថប់ដង្ហើម និងមានជម្ងឺបេះដូង ត្រូវបានប្តីសាច់ញ្ញាតិ ក្រុមគ្រួសារនាំយកមកមន្ទីពេទ្យខេត្ត នៅយប់ថ្ងៃទី២៣កក្កដានិងបានស្លាប់នៅថ្ងៃទី២៥កក្កដា ។ប្ដីស្ត្រីរងគ្រោះបានបន្តអោយដឹងទៀតថា ប្រពន្ធរបស់លោកមានជម្ងឺក្អករយៈជាង១០ថ្ងៃមកហើយ ប៉ុន្តែទើបតែ៤ថ្ងៃកន្លងទៅនេះចាប់ផ្ដើមឈឺធ្ងន់ ដោយគាត់ចេះតែថប់ៗដង្ហើម។បន្ទាប់ពីស្ត្រីរងគ្រោះមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យ បានពិនិត្យរួចដាក់សេរូម្យ ហើយក៏បានបញ្ចូនទៅកាន់ផ្នែកជំងឺទូទៅ ។លោកបន្តថាក្រោយពីដាក់សេរូម្យ ពេទ្យគ្រាន់តែថាចាំតាមដានអ្នកជំងឺសិន ហើយក្នុងរយៈពេលអ្នកជំងឺសំរាកព្យាបាល ក្រុមគ្រូពេទ្យ មិនបានយកចិត្តទុកដាក់ព្យាលឡើយ ទុកឱ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់ម៉ោង១២យប់ថ្ងៃទី២៥កក្កដារំលងអាធ្រាត្រ អ្នជំងឺមានសភាពធ្ងន់ឡើងៗ លោកក៏បានទៅដាស់គ្រូពេទ្យ នៅបន្ទាប់បិទទ្វារជិតទោះដាស់យ៉ាងណាក៏មិនក្រោកដែរ។លោកឌីណាបានបន្តឱ្យដឹងទៀតថាពេលដាស់មិនក្រោក លោកក៏បានមកមើលប្រពន្ធវិញ ដោយសារស្ថានភាពចេះតែធ្ងន់ខ្លាំងទៅៗ នៅវេលាម៉ោង៣ទៀបភ្លឺលោកក៏បានទៅដាស់ម្តងទៀត តែលោកមិនបានក្រោកចេញមកជួបសួរពីស្ថានភាពអ្នកជំងឺឡើយ បានត្រឹមតែស្រែកប្រាប់ពីក្នុងបន្ទប់ថា បើឈឺទៅបើកថ្នាំនៅខាងមុខទៅ ដោយលោកមិនដឹងថា ទៅបើកថ្នាំនៅកន្លែងណាក៏បានត្រឡប់បន្ទប់អ្នកជំងឺវិញ។
លោកបានបន្តឱ្យដឹងទៀតថានៅព្រឹកថ្ងៃទី២៥កក្កដាពេលដែលប្រពន្ធគាត់មានជំងឺដុនដាបម៉ែនទែនហើយ ទើបក្រុមគ្រូពេទ្យថា អ្នកជំងឺត្រូវបញ្ចូលឈាមតាំងតែពីម្សិលមិញ ម្តេចមិនប្រាប់គាត់ធ្វើឱ្យក្រុមគ្រួសារស្ត្រីរងគ្រោះហួសចិត្ត និយាយលែងចេញ ទៅជាអ្នកជំងឺត្រូវប្រាប់ពេទ្យទៅវិញ។ក្រោយពីមានការស្តីបន្ទោសគ្រួសាររងគ្រោះរួច ទើបបានឱ្យបងប្អូនរកឈាមបញ្ចូល ពេលដែលបូមឈាមពីប្តី ដាក់ទៅប្រពន្ធមិនបានប៉ុន្មានផងប្រពន្ធក៏បានដាច់ខ្យល់ស្លាប់បាត់តែម្តង។
ក្រុមគ្រួសារសាច់ញ្ញាត្តិស្ត្រីរងគ្រោះបានធ្វើការរិះគន់ទៅដល់ប្រធានមន្ទីរពេទ្យខេត្តលោកសុយ សុភាព យ៉ាងចាស់ដៃថា មិនបានយកចិត្តទុកដាក់ ក្នុងការព្យាបាលអ្នកជំងឺ គ្រាន់តែដាក់សេរូម្យចោល រហូតដល់អ្នកជំងឺជិតស្លាប់ទើបមកធ្វើខ្នាស់ខ្នែងអ្វីៗបានហួសពេលអស់ទៅហើយ។គ្រួសាររងងគ្រោះក៏ដូចប្រជាពលរដ្ឋមកពីជនបទ តែងតែរិះគន់ទៅលើបញ្ហានេះ ដែលតែងតែកើតឡើងជាញឹកញាប់ មកលើប្រជាពលរដ្ឋ ធ្វើឱ្យពួកគាត់អស់ជំនឿចិត្ត ពួកគាត់បានស្នើដល់ក្រសួងសុខាភិបាល គួរតែចុះពិនិតមើលភាពអសកម្មរបស់ក្រុមគ្រូពេទ្យនេះផង។
ពាក់ព័ន្ធនិងការរិះគន់របស់ក្រុមគ្រួសាររងគ្រោះខាងលើនេះ នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៦កន្លងទៅ លោកសុយ សុភាពប្រធានមន្ទីរពេទ្យខេត្តបានធ្វើការបំភ្លឺថា អ្នកជំងឺពេលដែលមកគឺបានឈឺនៅផ្ទះ៤ទៅប្រាំថ្ងៃហើយ មិនអាចបន្តោសពេទ្យទាំងស្រុងបានទេ តែក្នុងនាមលោកជាប្រធានមន្ទីរពេទ្យ លោកបានទទួលស្គាល់ថា បុគ្គលិកនៅក្នុងមន្ទីរពេទ្យនេះ ពិតជាមានបុគ្គលមួយចំនួនតូច បានប្រព្រឹត្តខុសនៅវិជ្ជាជីវក្នុង នាមជាពេទ្យ។លោកបន្ដទៀតថាម្នាក់ឈ្មោះ ស៊ុន សុភាព ហៅ ហេង ដែលបានប្រើពាក្យមិនសមរម្យនិងបានស្ដីបន្ទោសដល់ក្រុមគ្រួសារអ្នកជំងឺនោះ ពេលនេះក្រុមគណៈកម្មការរបស់មន្ទីពេទ្យ បានធ្វើការប្រជុំសម្រេចបញ្ឃប់បគ្គលិកពេទ្យនោះចេញហើយ ព្រោះបុគ្គលិកម្នាក់នេះមិនមែនជាបុគ្គលិកពេញសិទ្ធនៅក្នុងក្រប់ខ័ណ្ឌរដ្ឋទេ គ្រាន់តែពេទ្យស៊ីឈ្នួលតែប៉ុណ្ណោះ ព្រោះមន្ទីរពេទ្យខ្វះបុគ្គលិក៕