ដោយ ឡុង សំបូរ
ខេត្តព្រះវិហារ៖ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នៅតែបន្តជម្រុញដល់មន្ត្រីជំនាញបច្ចេកទេសរបស់ខ្លួន ឲ្យចុះអនុវត្តន៍លើការងារបច្ចេកទេសជួសជុល និងថែទាំផ្លូវជាតិលេខ៦២ និងផ្លូវក្នុងខេត្តមានជាង៣០០គីឡូម៉ែត្រ ដែលបានរងនូវការខូចខាត ក្នុងចំណោមផ្លូវក្នុងខេត្តសរុបជាង៧០០គីឡូម៉ែត្រ។រីឯការខូចខាតនោះ ត្រូវគេពណ៌នាថា អាចបណ្តាលមកពីការទ្រទម្ងន់លើសកម្រិតកំណត់ ពីរថយន្តដឹកទំនិញធន់ធំៗបើកឆ្លងកាត់ និងកត្តាដែលសំខាន់នោះ គឺផ្លូវនេះបានរងសំពាធពីចម្រោះទឹកភ្លៀង ដែលបានហូរធ្លាក់ជោគជាំ នៅក្នុងរដូវវស្សានេះ។ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី លោកបានថ្លែងឲ្យដឹងនៅថ្ងៃ២៩កក្កដានេះថា លោកបានដាក់ចេញផែនការ ដោយចាត់ក្រុមមន្ត្រីជំនាញជាបន្ទាន់ ឲ្យចុះថែទាំនិងជួសជុលផ្លូវជាតិខេល៦២ មានប្រវែង២០១គីឡូម៉ែត្រ ដែលជាសមិទ្ធិផលដ៏ថ្លៃថ្លា ក្នុងការចំណាយថវិកាច្រើនលានដុល្លារ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល មានសម្តេចតេជោសែន ជាប្រមុខដឹកនាំ បានស្ថាបនាផ្លូវនេះឡើង ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ មានដូចជាប្រាសាទកោះកេរ្តិ៍ និងប្រាសាទព្រះវិហារនោះជាដើម ពិសេស សំរាប់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារដឹកកសិផលនានា ពីទីជនបទដាច់ស្រាយាល មកកាន់ទីប្រជុំជនក្នុងក្រុងបានយ៉ាងងាយ ហើយក៏នៅមានផ្លូវក្នុងខេត្តជាច្រើនខ្សែទៀត ដែលមន្ត្រីជំនាញនៃមន្ទីរសាធារណៈការខេត្ត បាន និងកំពុងបន្តជួសជុល និងថែទាំ ៕