បាត់ដំបងៈ ទំនិញខូចគុណភាពជាច្រើនប្រភេទ រួមទាំងប្រហិតសាច់ត្រី និងណែមសាច់ត្រី
ដែលមានលាយសារធាតុគីមីហាមឃាត់ បូរ៉ាក់ ត្រូវបានរៀបចំដុតបំផ្លាញចោល បន្ទាប់ពី
កំលាំងសាខាកាំកុងត្រូលខេត្តបានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើទីផ្សារ និងតាមបណ្តាស្តង់បោះដុំ និងរាយរួចមក ទើបធ្វើការដកហូតទំនិញទាំងនេះដោយសារតែជាប្រភេទ
ទំនិញដែលខូចគុណភាពផង ព្រមទាំងមានលាយសារធាតុគីមីហាមឃាត់ផង ។នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នេះ សាខាកាំកុងត្រូល ខេត្តបាត់ដំបង
បានរៀបចំពិធីដុតកម្ទេចនូវទំនិញខូចគុណភាព ដែលប្រព្រឹត្តឡើងនៅចំនុចក្បែរបង
អធិការដ្ឋាននគរបាលស្រុកសង្កែ ក្រោមវត្តមានលោក ច័ន្ទ សុផល គណអភិបាល
នៃគណអភិបាលខេត្ត លោក ហេង លុយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត
លោក ហាក់ សុខ រិន ប្រធានសាខាកាំកុងត្រូលខេត្ត លោក ស៊ុន សុវណ្ណ អធិការ
នគរបាលស្រុកសង្កែ និងអាជ្ញាធរមូលដ្ឋាន មន្ត្រីកាំកុងត្រូលជាច្រើនរូបផងដែរ ។នៅក្នុងឱកាសនោះដែរ លោកហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល បានមាន
ប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា ទំនិញដែលត្រូវដុតបំផ្លាញនាឱកាសនេះគឺមាន
ទំនិញចំរុះ ២៧៧៦ គីឡូក្រាម ប្រហិតសាច់ត្រីដោយមានដាក់លាយសារធាតុគីមី បូរ៉ាក់
១២០០គីឡូក្រាម ណែមសាច់ត្រីដែលមានដាក់លាយសារធាតុគីមី បូរ៉ាក់ ៥១៥ គីឡូក្រាម
សរុបនៃការដុតបំផ្លាញថ្ងៃនេះមានចំនួន ៤៤៩១ គីឡូក្រាម ។
លោកប្រធានសាខា បានសង្កត់ធ្ងន់ថា ចំពោះទំនិញចំរុះគឺបានមកពីការត្រួតពិនិត្យនិង
ប្រមូលដកហូតនៅតាមច្រកមួយចំនួនជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងនៅតាមទីផ្សារ
ក្នុងខេត្តបាត់ដំបងទាំងមូលតែម្តង ដោយឡែកណែមសាច់ត្រី និងប្រហិតសាច់ត្រី
ដែលមានលាយសារធាតុ បូរ៉ាក់ គឺបានដកហូតមកពីទីតាំងផលិត និងទីតាំងលក់ ចែកចាយមួយចំនួនក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ ។លោកក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះពិនិត្យទៅលើកាលបរិច្ឆេទ នៃចំណីអាហារដែលដាក់លក់នៅតាមទីផ្សារ ព្រមទាំងទំនិញណាដែលមិនមានអនាម័យត្រឹមត្រូវ ដែលអាចប៉ះពាល់ដល់សុខភាពនៅពេលដែលបានបរិភោគវា ។បន្ទាប់មកពិធីដុតកម្ទេចបានចាប់ផ្តើមឡើងនៅក្នុងរណ្តៅដែលមានជម្រៅ ២ម៉ែត្រ
ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋគ្រប់រូបផងដែរ ៕