​ក្មេងប្រុស​អាយុ​៣​ឆ្នាំ ត្រូវ​រថយន្ត​កិន​ផ្ទុះ​ក្បាល​ស្លាប់​យ៉ាង​ អាណោចអាធ័ម​

0

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគួរអោយរន្ធត់ជាទីបំផុត ខណៈដែល
គេឃើញក្មេងប្រុសម្នាក់ដែលទើបតែមានអាយុ៣ឆ្នាំ ត្រូវបានរថយន្តកិនចំក្បាល
បណ្តាលអោយផ្ទុះខួរចេញមកក្រៅយ៉ាងអាណោចអាធ័មជាទីបំផុត ដោយសារតែ ក្មេងប្រុសរូបនេះបានដើរឆ្លងផ្លូវទៅតាមឪពុក ហើយក៏ត្រូវរថយន្តបុកកិនតែម្តង ។

យោងតាមប្រភពមួយចំនួនដែលនៅក្បែទីតាំងកើតហេតុបាននិយាយថា ករណី
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៩ ខែកក្កដា
ឆ្នាំ២០១៦ នៅចំណុចខាងមុខឃ្លាំង ចែ ពៅ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រវាងរថយន្តម៉ាកPAJERO ពណ៍ស្លែរ ពាក់ផ្លាកលេខ ភ្នំពេញ 2G-6848
ជាមួយនឹងថ្មើជើង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុគឺគេឃើញក្មេងប្រុសដែលមានឈ្មោះ
ហ៊ួ ម៉េងសឺ អាយុ៣ឆ្នាំ ដែលរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ បានដើរជាមួយនឹងឪពុកនៅលើចិញ្ចើមផ្លូវ ។ រំពេចនោះក៏ស្រាប់តែមានមនុស្សម្នាក់នៅឯម្ខាងថ្នល់បានកើតអការៈខ្យល់គ ដួលសន្លប់ស្តូកស្តឹង ដោយឃើញប្រជាពលរដ្ឋចោមរោមមើលនឹងកំពុងជួយសង្គ្រោះ ទើបបុរសជាឪពុកបានស្ទុះរត់ឆ្លងផ្លូវទៅមើលនឹងគេដែរ ដោយភ្លេចគិតថា
កូនប្រុសរបស់ខ្លួនកំពុងដើរឆ្លងថ្នល់តាមពីក្រោយ ។

ចំណែកអ្នកបើកបររថយន្តឈ្មោះ លាង ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ដែលកំពុងបើកបរជាមួយក្រុមគ្រួសារ ដើម្បីទៅចូលរួមខួបកំណើតក្មួយ នៅឯភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក
បានសារភាពថា រូបគេបានបើករថយន្តពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ
ដោយឃើញមានមនុស្សខ្យល់គ ដួលដេកនៅនឹងដីបែបនេះ ក៏បានបន្ថយល្បឿន
បើកតិចៗដើម្បីមើលជនរងគ្រោះរូបនោះ ដោយមិនបានមើលទៅមុខ ហើយក៏មិនបានចាប់អារម្មណ៍ថាមានក្មេងប្រុសដើរកាត់មុខរថយន្តបែបនេះនោះទេ លុះពេលកង់រថយន្តខាងមុខកិនទៅលើក្មេងទើបភ្ញាក់ខ្លួនហើយចុះទៅមើលគឺក្មេងប្រុសម្នាក់បានផ្ទុះខួរ
ស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្នក្រោយពេលកើតហេតុគឺសាច់ញាតិបាននិមន្តព្រះសង្ឃមកបង្សុកូលរួចទើប សមត្ថកិច្ចបានប្រគល់សពក្មេងប្រុសទៅអោយឪពុកនាំយកទៅធ្វើបុណ្យតាមប្រពៃណី ហើយ ដោយឡែករថយន្តបង្កក៏បាននាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្នដើម្បីរង់ចាំការដោះស្រាយជាក្រោយ ៕ image2 image4 image3 (1)