ខេង ឧត្តម
សៀមរាប៖ទីតាំងបើកល្បែងខាងលើអ្នកស្រុកប្រាប់ថា បានបើកលេងជាយូរណាស់មកហើយគឺក្នុងភូមិសន់ថន ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់លេងថ្ងៃសុក្រ ដោយអ្នកញៀនល្បែងនាំគ្នាលេងចាក់លុយធំៗ ព្រមទាំងហូរកញ្ច្រៀវ ដល់ពេលចាញ់ឈ្នះម្តងៗប្រៀបបានទីនោះជាកន្លែងផ្សារត្រី។ល្បែងភ្នាល់ជល់មាន់ដុះស្លែ មួយកន្លែងនៅក្នុងស្រុកក្រឡាញ់បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំឃុំមានសុវត្ថិភាពហើយអ្នកស្រុក៌នាំគ្នាងឿងឆ្ងល់ថាហេតុអ្វីសមត្ថកិច្ចមិនដឹងឬ មួយក៏ទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយ?។
ប្រភពពីអ្នកញៀនល្បែងម្នាក់បានប្រាប់ថា ជើងកាង បនល្បែងនៅទីនោះ ឈ្មោះ ភ័ត ភេទប្រុស មិនទាន់ស្គាល់អាយុមានទីលំនៅភូមិឃុំខាងលើ។
ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ទោ ចាន់ សារ៉េត អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានប្រាប់ ខេមរាដេលី តាមទូរស័ព្ទនៅវេលាម៉ោង៤និង៥៦នាទីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៦នេះថា ចំពោះករណីមានល្បែងភ្នាល់ជល់មាន់នេះ លោក បានឱ្យកម្លាំងក្រោមឱវាទដេញរត់រប៉ាត់រប៉ាយម្តងហើយ។លោកបន្តថា ករណីភ្នាល់ជល់មាន់ថ្ងៃនេះលោកពុំបានដឹងទេ ព្រោះកន្លែងជល់នោះវានៅឆ្ងាយពីស្រុក ដូច្នេះចាំលោក ហៅមេប៉ុស្តិ៍ទាំងអស់មកព្រមាន ម្តងសិន បើប៉ុស្តិ៍ណានៅមានល្បែងស៊ីសងឬភ្នាល់ជល់មាន់ទៀតលោកនឹងរាយការណ៍ទៅថ្នាក់លើ។
មជ្ឈដ្ឋាននានានៅជុំវិញស្រុកក្រឡាញ់ រិះគន់ទៅលើអាជ្ញាធរ នៅទីនោះថា តើពួកគាត់ជាមេភូមិ/មេឃុំ ធ្លាប់ទទួលការអប់រំនៅគោលនយោបាយភូមិឃុំមានសវត្ថិភាពពីសមត្ថកិច្ចជំនាញឬអត់ ទើបបណ្តែតបណ្តោយឱ្យអ្នកញៀនចេះតែញៀនល្បែងខ្លាំងឡើងៗរហូតមានក្រុមគ្រួសារអ្នកខ្លះ ធ្លាប់ឈ្លោះទាស់ទែងគ្នា ក្នុងគ្រួសារ ខណៈដែលមកពីចាញ់ល្បែងអស់ទ្រព្យសម្បត្តិទៀតផង។ហើយគេការសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនក្នុងមូលដ្ឋាន ខាងលើអាចទទួលបានផលប្រយោជន៌ ពីអ្នកបើកល្បែងស៊ីសងនេះផង ទើបបណ្តោយឱ្យល្បែងមួយវង់នេះបើកលេងយ៉ាងអាណាធិបតេយ្យរហូតមកដល់បច្ចុប្បន្ននេះ ដោយគ្មានឃើញសមត្ថកិច្ចបង្ក្រាប៕