ឧត្តរមានជ័យ៖អ្នកកាសែត២នាក់ត្រូវបានស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ(យាយម៉ាយ)ដែលជាមេឈ្មួញដ៏ល្បីនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជិះរថយន្តដេញបំបុកបណ្តាលអោយរងការខូចខាតរថយន្តអស់មួយចំហៀងខាងឆ្វេង ក្នុងខណ:ពេលអ្នកកាសែតទាំង២នាក់ខាងលើចុះទៅថតសកម្មភាពពួកគេកំពុងទម្លាក់ឈើក្រញូងចេញពីរថយន្ត មានចំនួនប្រហែលជាង១តោន។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវជាតិលេខ៦៧B ខាងត្បូងសាលាឃុំត្រពាំងប្រិយ៍ ចំង៉ាយ៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមសម្តីរបស់លោក ប៉ែន នួន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកបើកបរនិងឈ្មោះ ខៀវ សុផានុរស្ស ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នករួមដំណើរ អ្នកទាំង២នាក់ជាជនរងគ្រោះបានអោយដឹងថា ក្រោយពេលពួកគាត់បានថតសកម្មភាព ក្រុមឈ្មួញខាងលើកំពុងទម្លាក់ឈើក្រញូងចេញពីរថយន្តម៉ាកលុចសុីសRX៣០០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២Y-៦៧២៨ នៅចំណុចភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពួកគាត់ក៏បានជិះរថយន្តរបស់ខ្លួនម៉ាកCRV.ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ២H-៦១៧៣ នៅពេលត្រឡប់មកទីរួមស្រុកអន្លង់វែងវិញ ក៏ស្រាប់តែ(យាយម៉ាយ)បើករថយន្តម៉ាកលុចសុីសRX៣០០ ពណ៍ខ្មៅ នោះដឹកកូនចៅរបស់ខ្លួន៣នាក់ ដេញបុក រហូតមកដល់ចំណុចកើតហេតុខាងលើទើបបុកបានសម្រេច ដោយរថយន្តអ្នកកាសែតទាំង២នាក់ធ្លាក់ចិញ្ចើមផ្លូវ ហើយ(យាយម៉ាយ)ក៏បញ្ជាអោយកូនចៅរបស់ខ្លួនចុះមកគាស់ទ្វារថយន្តជនរងគ្រោះតែគាស់មិនបាន បានត្រឹមតែធាក់ទ្វាជាច្រើនជើង ហើយរត់ឡើងរថយន្តបើកគេចខ្លួនបាត់។ក្រុមព័ត៍មានបានអន្តរាគមន៍ ដល់កម្លាំងប្រដាប់អាវុធទាំងពីរអង្គភាព គឺ កងរាជអាវុធហត្ថស្រុកនិងអធិការនគរបាលស្រុក ចេញចាប់ឃាត់ខ្លួន ជនបង្ករនិងរថយន្ត បានភ្លាមៗផងដែរ។នៅពេលបច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់៕