កំពង់ស្ពឺ=យោងតាមការជូនដំណឹងសេចក្តីជូនដំណឹងជាលើកទី២ស្តីពីការចាត់វិធានការចំពោះអ្នកចញ្ចឹមសត្វគោលែងជាសាធារណៈ របស់សាលាក្រុងច្បារមនបានប្រកាសថា លោកចៅសង្កាត់ទាំង៥ និងមេភូមិទាំង៥៦ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលមានចញ្ចឹមគោឲ្យបានដឹងថា សាលាក្រុងក៏ដូចជាអាជ្ញាធរខេត្តកំពង់ប្រឹងប្រែងក្នុងការអភិវឌ្ឍន៏គ្រប់វិសយ័។ តែសាលាក្រុងបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលចញ្ចឹមគោរ ទោះបីជាមានការផ្សព្វផ្សាយអប់រំយ៉ាងណា ក៏ឃើញថាបងប្អូនមិនទាន់បានចូលគោរពការជូនដំណឹងរបស់សាលាក្រុងនោះទេ ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៏ប្រាប់ថា អាជ្ញាធរនឹងចាប់ផាកពិន័យម្ចាស់សត្វចិញ្ចឹមក្នុង ១ក្បាលចំនួន ២០ម៉ឺនរៀល ឬច្រើនជាងនេះ ទៅតាមការណែនាំរបស់អាជ្ញាធរក្រុងច្បារមននៅពេលអាជ្ញាធរចាប់បានសត្វចិញ្ចឹមដែលម្ចាស់លែងចោលឲ្យដើរអនាធិបតេយ្យពាសពេញក្រុង ស៊ីបំផ្លាញដំណាំដែលក្រុងដាំលម្អតាមទីសាធារណៈរបស់រដ្ឋ ។
លោកអភិបាលបានលើកឡើងដោយសង្កត់ធ្ងន់ថា នេះជាលើកទី២ហើយសម្រាប់ការជូនដំណឹង មិនតែប៉ុណ្ណោះលោកបានបញ្ចាឲ្យមានផ្សព្វផ្សាយគ្រប់ការប្រជុំតាមមូលដ្ឋានតែម្ចាស់គោហាក់មិនបានគោរពតាមការផ្សព្វផ្សាយទេ ដូច្នេះលើកនេះអាជ្ញាធរខេត្តនិងចាត់វិធានក្តៅចំពោះសត្វគោដើរពាសវាលពាសកាល ធ្វើឲ្យខូចខាតសម្បតិ្តសាធារណៈរបស់រដ្ឋ ជាពិសេសជាញឹកញាប់បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផងនោះដែរ ។ លោកអភិបាលបានស្នើរឲ្យពលរដ្ឋចូលរួមបញ្ឍប់ជាបន្ទាន់ការលែងសត្វគោ ក្របីបែបអនាធិប្បតេយ្យដូចនេះ ។
បញ្ហានេះដែរលោកស្រី ប៉ោក សេដ្ឋា អភិបាលក្រុងច្បារមន បានចេញសេចក្តីជូនដំណឹងស្ដីជាលើកទី ២ពីការចាត់វិធានការចំពោះម្ចាស់សត្វចិញ្ចឹមរួមមាន គោ ដែលម្ចាស់លែងចោលអនាធិបតេយ្យតាមដងផ្លូវ និងតាមសួនច្បារសាធារណៈក្នុងភូមិសាស្ត្រក្រុងក្រុងច្បារមន ។ លោកស្រី ឲ្យដឹងថា កន្លងមក សត្វពាហនៈទាំងនេះត្រូវម្ចាស់លែងឲ្យដើរស៊ីអនាធិបតេយ្យតាមផ្លូវ និងទីសាធារណៈជាពិសេសសួនច្បារក្នុងក្រុង បង្កឲ្យបាត់បង់របៀបរៀបរយសង្គម ប៉ះពាល់ដល់សោភ័ណភាព បង្កគ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់ដល់អនាម័យបរិស្ថាន ហើយរងការរិះគន់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។ យោងតាមច្បាប់ចរាចរណ៏ មាត្រា៣៣ ចំណុចទី១ និងចំណុចទី៥បានចែងថា មិនត្រូវបង្កឧបសគ្គឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដោយត្រូវដាក់ចំនួនមនុស្សដឹកឲ្យសមស្របនិងចំនួនសត្វដែលអាចបញ្ជាសត្វឲ្យ ឬឈប់គ្រប់គ្រាន់និងទាន់ពេលវេលា ។ហាមសត្វដើររហេតរហូតលើផ្លូវ ៕