ខេត្តរតនគិរី៖ យ៉ាងហោចណាស់មានមនុស្សប្រុស-ស្រី៦នាក់ បានរងរបួសធ្ងន់នឹងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខណៈកំពុងបើករថយន្តលឿនដូចហោះក៍រេចង្កូតធ្លាក់ផ្លូវក្រឡាបជាច្រើនត្រឡប់ផ្ញារជើងឡើងលើ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១នឹង៥០នាទីព្រឹក ថ្ងៃទី២ ខែសីហាឆ្នាំ២០១៦នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិ ស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។បើតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា រថយន្តកាមរីហើមបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនមកដល់ត្រង់ចំណុចកើតហេតុខាងលើក៍រេចង្កូតធ្លាក់ផ្លូវតែម្តង។ ប្រភពបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះទាំងអស់មាន ចំនួន៦នាក់ក្នុងនោះមានស្រី៣នាក់ ប្រុស៣នាក់រួមទាំងក្មេងប្រុសម្នាក់ផងដែរ រីឯអ្នកបើកបរមានឈ្មោះ ញេន តៃយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ (របួសស្រាល)មានមុខរបរកសិករ មានទីលំនៅក្នុងភូមិ គោកក្រសាំង ឃុំគោកគូង ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ចំណែកឯ៥នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញណនោះទេ រថយន្តកាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២D-៣៦២០បានខូចខាតអស់ទាំងស្រុង។ ភ្លាមៗនោះដែរក្រោយពេលកើតហេតុរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូន ជនរងគ្រោះទាំង៦នាក់ទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបន្ទាន់៕ ដោយ៖ យក្ខ ឡោម