បាត់ដំបងៈ រថយន្តមួយគ្រឿងដែលបានផ្លាស់ប្តូរពីប្រព័ន្ធសាំង ទៅជាប្រព័ន្ធហ្គាស់
ដើម្បីទាញយកចំហេះក្នុងការធ្វើចរាចរណ៍អោយបានចំណេញ ត្រូវបានឆ្លងប្រព័ន្ធ
និងបណ្តាលអោយផ្ទុះចេញជាអណ្តាតភ្លើង ព្រមទាំងបានឆាបឆេះឡើងទាំងពេលរំលង អាធ្រាត ដែលបានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។
យោងតាមប្រភពមួយចំនួនបានអោយដឹងថា នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ២ និង ៣០នាទី រំលងអាធ្រាត នៅ ចំណុចខាងមុខក្រុមហ៊ុន គូប៊ូតា សាន សម្បត្តិ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិ អូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គីភ័យមួយបានឆាបឆេះ ទៅលើរថយន្ត មួយគ្រឿងម៉ាកកាមរី ពណ៌ ស្លាបក្អែក ផលិត ឆ្នាំ ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2A -7963 ដែលរថយន្តនេះកំពុងដឹកបន្លែមកពីផ្សារ ភូពុយ មកលក់នៅ ផ្សារបឹងឈូក ។
ប្រភពដដែលបានបន្តថា នៅក្នុងខណៈនោះគឺមានការឆោរឡោ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង
ដោយគេបានឃើញអ្នកបើកបររថយន្ត បានបើកទ្វាររត់ចេញយ៉ាងលឿនដើម្បីគេច
អោយផុតពីគ្រោះថ្នាក់ដែលបាន និងកំពុងកើតឡើងនៅចំពោះមុខ ចំណែករថយន្តក៏ត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកណ្តាលទ្រូងផ្លូវនោះតែម្តង ព្រមទាំងបនាបង្កអោយមានការកកស្ទះចរាចរណ៍មួយសន្ទុះផងដែរ ។
តាមការសាកសួរពីកំលាំងកងរាជអាវុធហត្ថក្រុងបានអោយដឹងថា អ្នកបើកបររថយន្តនេះ
មានឈ្មោះ រ៉េត សុភ័ក្ដ ភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅ ភូមិ ចំការសំរោង ១ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបង ហើយមូលហេតុដែលឆេះបណ្តាលមកពីឆ្លងប្រព័ន្ធហ្គាស់ ដោយសារតែការកែច្នៃខ្វះបច្ចេកទេស ។
សំភារៈដែលខូចខាត គឺ រថយន្តមួយគ្រឿងឆេៈទាំងស្រុង និង បន្លែដែលនៅក្នុងរថយន្ត បើសរុបជាទឹកប្រាក់អស់ប្រមាណជាង៤០០០ ដុល្លា ដោយនៅពេលនោះដែរ ម្ចាស់រថយន្ត
បានត្រឹមតែអង្គុយមើលរថយន្តរបស់ខ្លួនឆេះទាំងទឹកភ្នែកតែប៉ុណ្ណោះ ៕