ហាណូយ ៖ ទូកនេសាទរបស់វៀតណាមត្រូវបានលិចក្នុងសមុទ្រដោយសារការប៉ះទង្គិចគ្នា ជាមួយទូកនេសាទចិននៅសមុទ្រចិនខាងត្បូង នាម៉ោង៥ល្ងាចថ្ងៃចន្ទ នេះបើតាមប្រភពព័ត៌មានពីរដ្ឋាភិបាលចិនបានឲ្យដឹងកាលពីថ្ងៃអង្គារ តាមវេបសាយឆាយណាដេលី។
តាមប្រភពនេះ អ្នកជិះលើទូកនេសាទនេះត្រូវបានសង្គ្រោះបន្ទាប់ពីទូករបស់ពួកគេបានប៉ះ ទង្គិចទាំងទទឹងទទែងពីនាវាចិនមកពីក្រុងដាហ្វាង ភាគខាងលិចខេត្តហៃណាន នៃប្រទេសចិន នៅក្នុងសមុទ្រ ជិតកោះស៊ីស្ហា។ ប្រភពនេះបានបន្តថា នាវាវៀតណាម ទូកវៀតណាមបានមករារាំងនាវាចិននៅក្នុងសមុទ្រ ដែលមានជម្លោះ ហើយក៏មានការប៉ះទង្គិចគ្នាតែម្តងនៅទីនោះ។
តែបើតាមប្រភពផ្សេងទៀតពីក្រុមជួយសង្គ្រោះវៀតណាមគូសបញ្ជាក់កាល ពីថ្ងៃទី២៧ ឧសភា ថា នាវានេសាទវៀតណាម១គ្រឿងបានលិច តែពុំបណ្ដាលឱ្យមានជនរងគ្រោះ ក្រោយពីនាវានោះត្រូវនាវាចិន១គ្រឿងបុកក្នុងតំបន់មានជម្លោះមួយរវាង ក្រុងហាណូយនិងក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង។ ក្រុមជួយសង្គ្រោះនិយាយថា នាវានេសាទវៀតណាមត្រូវនាវាចិនបុកកាលពីថ្ងៃទី២៦ ឧសភា ហើយបានលិច ។
អ្នកនេសាទ១០នាក់ស្ថិតលើនាវានោះអាចត្រូវជួយសង្គ្រោះ ។ ឧប្បត្ដិហេតុនេះកើតមានមិនឆ្ងាយប៉ុន្មានពីទីតាំងខួងប្រេងរបស់ចិន ដែលដាក់នៅតំបន់មានជម្លោះនៃប្រជុំកោះប៉ារ៉ាសែល នោះពីដើមខែឧសភាមក ។ សម្រាប់ការដាក់ទីតាំងខួងប្រេងនេះនាំឱ្យមានកុបកម្មអំពើហិង្សាប្រឆាំងចិនយ៉ាងបង្ហូរឈាមនៅវៀតណាមដែល ធ្ងន់ធ្ងរពុំធ្លាប់មានចាប់តាំងពីច្រើនទសវត្សរ៍មកហើយបណ្តាលឲ្យស្លាប់៤នាក់ របួសជាង១៤០នាក់ នាំឱ្យចិនជម្លៀសជនជាតិខ្លួនជាង៣៥០០ពាន់នាក់ចេញពីវៀតណាម ៕