ខេត្តបន្ទាយមានជ័យ៖នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីទាប់ភ្លឺថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ប្រតិបត្តិការបង្ក្រាបបានរថយន្តកាមរី ១គ្រឿង ផ្ទុកទៅដោយសាច់មាន់ ឆ្អឹងមាន់ និងកាពិជាង១តោន ខូចគុណភាពខុសច្បាប់នាំពីប្រទេសថៃដែលបម្រុកយកទៅលក់ចែកចាយនៅខេត្តសៀមរាប ។
ការបង្ក្រាបនេះធ្វើឡើងលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចស្ពានទី២ ភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខណៈដែលរថយន្តកាមរីនេះដឹកចេញពីក្រុងប៉ោយប៉ែតឆ្លងកាត់ទីរួមខេត្តបន្ទាយមានជ័យដើម្បីឆ្ពោះទៅខេត្តសៀមរាប។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវីធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឃាត់រថយន្តកាំម៉ារីមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ ២E ០១១២ដោយមានអ្នកបើករថយន្តម្នាក់ ឈ្មោះ ប៊ុន បូវិបុល ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។នៅក្នុងរថយន្តកាមរីសមត្ថកិច្ចត្រួតពិនិត្យរកឃើញសាច់មាន់ ឆ្អឹងមាន់ ច្រកក្នុងថង់ក្លិនស្អុយជាង១តោន និងកាពិ១០ធុងតូច។
តាមការអោយដឹងពីអ្នកបើករថយន្ត ថារូបគេ បានរកស៊ីដឹកសាច់មាន់ និងឆ្អឹងមាន់៤លើកមកហើយ ។សាច់មាន់ ឆ្អឹងមាន់ទាំងនោះគឺយកឱ្យក្រពើស៊ីនៅខេត្តសៀមរាប។ទោះបីអ្នកបើករថយន្តនោះឆ្លើយសារភាពបែបនោះក្តីសត្ថកិច្ចយោងតាមការដឹកជញ្ជូនសាច់មាន់ឆ្អឹងមាន់គ្មានច្បាប់អនុញ្ញាត និងដើម្បីបញ្ចៀសបញ្ហាផលប៉ះពាល់ មត្ថកិច្ចបានដកហូតសាច់ដើម្បីដុតកំទេចចោលនៅរសៀលថ្ងៃដដែលនេះតែម្តង។
លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជក់អោយដឹងទៀតថាការបង្ក្រាបនេះធ្វើឡើងដើម្បីទប់ស្កាត់នូវការនាំចូលទំនិញខូចគុណភាព និងគ្មានសុវត្ថិភាព ពីប្រទេសជិតខាងកាត់បន្ថយ បញ្ហាគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋ។គ្រាដែលប្រជាពលរដ្ឋកំពុងមាការព្រួយបារម្ភបញ្ហាទំនិញ្ហូបអាហារគ្មានសុវត្ថិភាព និងទំនិញលាយផ្សំពីសារធាតុគីមី ពីសំណាក់ឈ្មួញខិលខូចមួយចំនួនដែលមិនគិតពីសុខភាពអ្នកដទៃ គិកតែផលចំណេញនិងប្រយោជន៍ខ្លួនឯង៕