​ស្នងការ​បន្ទាយមានជ័យ​ដឹកនាំ​កម្លាំង​បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ជនសង្ស័យ​១១​នាក់​

0

បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រីជួញដូរ៤នាក់និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៦ ចំណុចសាលារៀនចិន ផៃ ឆឹង ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី ង៉េង សុជា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយមានការបញ្ជានិងដឹកនាំផ្ទាល់ពិសំណាក់លោកឧត្តមសេនីយ៍ស្នងការ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងរបស់លោក សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើការឃាត់ជាបន្តបន្ទាប់នូវជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៤នាក់ រួមមាន ១.ឈ្មោះ សំណាង លីលី ភេទស្រីអាយុ១៥ឆ្នាំ ២.ឈ្មោះ អៀង រក្សា ហៅសា ភេទប្រុស អាយុ២២ឆ្នាំ ៣.ឈ្មោះ ហ៊ូ ដូល្លា ភេទប្រុសអាយុ២៥ឆ្នាំ ៤.ឈ្មោះ ហេង សុមេធា ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង៤រស់នៅក្នុងក្រុងសិរីសោភ័ណ រួមនិងអ្នកប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន៧នាក់ផ្សេងទៀត ។IMG_4689 IMG_4691
ជាមួយគ្នានេះសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន៥កូនថង់តូច ស្មើនឹង ២,៩៨ក្រាម, កូនជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២ ,ដបកែច្នៃចំនួនចំនួន៣ ដាវចុងស្រួច២ដើមនិងទូរស័ព្ទដៃចំនួន៨គ្រឿង និងសំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។លោក ង៉េង សុជា បន្តថា ជនសង្ស័យជួញដូរគ្រឿងញៀននិងប្រើប្រាស់ទាំង១១នាក់ រួមទាំងវត្ថុតាង កំពុងត្រូវបានកំលាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់នៅព្រឹកនេះតែម្តង់៕