​អភិបាលក្រុង​ប្រាប់​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ​

0

 

ឧត្តរមានជ័យ៖កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី៤ ខែសីហា រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោង បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្នៅភូមិឈើក្រំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលកំពុងតែទទួលរងនូវផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ជាប់ៗគ្នារយះពេល២ថ្ងៃ កន្លងទៅ និងដើម្បីរិះរកវិធានការដោះស្រាយជាបឋមនៅក្នុងស្ថានភាពជាក់ស្តែង។នៅក្នុងការចុះជួយដោះស្រាយបញ្ហាប្រឈមភ្លាមៗរបស់ប្រជាពលរដ្ឋនាឱកាសនោះ លោកអភិបាលក្រុង បានសាកសួរសុខទុក្ខ ព្រមទាំងបានបង្ហាញអំពីកង្វល់ និងការយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ តាមរយៈការរិះរកមធ្យោបាយនានាដើម្បីជួយសម្រួលដល់ការចល័តទ្រព្យសម្បត្តិរបស់ប្រជាជនទៅរកទីមានសុវត្ថិភាព ដូចជាការផ្តល់ការ៉ុងដើម្បីច្រកស្រូវ ច្រកសម្ភារៈប្រើប្រាស់ផ្សេងៗ រួមទាំងមានការសហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តដើម្បីបើកមុខទឹកលូនានាដែលស្ទះ ពន្លឿនដល់កម្រិតទឹកស្រក។

លោកអភិបាលក្រុងបន្តថា ក្នុងនាមអាជ្ញាធរ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ងាយរងគ្រោះទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកនារដូវវស្សា ដោយការពារកូនៗ ធ្វើការហាមប្រាមចំពោះការលេងទឹកដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ មានការប្រុងប្រុងប្រយ័ត្នចំពោះខ្សែចរន្តអគ្គីសនី រកទីទួលមានសុវត្ថិភាពទុកដាក់ទ្រព្យសម្បត្តិ សត្វពាហនៈ បង្ការស្បៀងផ្សេងៗ និងសូមធ្វើការផ្តល់ដំណឹងមកអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីមានវិធានការដោះស្រាយទៅតាមស្ថានភាពជាក់ស្តែង។

សូមបញ្ជាក់ថា ទឹកជំនន់នេះបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ សត្វពាហនៈ កសិផល ដំណាំដាំដុះនានា ហើយបើទោះបីជាកម្រិតទឹកដែលលិចឆាប់ស្រកចុះក៏ដោយ ក៏នៅតែជាក្តីបារម្ភយ៉ាងធំ ព្រោះមេឃនៅតែបន្តធ្លាក់ភ្លៀង ជាមួយគ្នានេះ ភូមិដទៃទៀតដែលស្ថិតនៅក្រោមខ្សែទឹកហូរ រួមមានភូមិត្រពាំងវែង ភូមិខ្ទុំ ក៏នឹងត្រូវប្រឈមនិងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះដែរ ៕IMG_4103 IMG_4108 IMG_4109 IMG_4117 IMG_4102