បាត់ដំបងៈ មាន់ថៃទាំងឡានៗ ដែលសុទ្ធសឹងជារថយន្តប្រភេទយីឌុប បានប្រជែងគ្នា
សម្រុកឆ្លងដែនក្នុងពេលរាត្រី ចេញពីទឹកដីថៃតាមច្រករបៀងបឹងឆ្នាំង ឬច្រកព្រះពុទ្ធ
ដែលស្ថិតក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង ដែលមាន់ទាំងនេះជាកម្មសិទ្ធរបស់
ក្រុមហ៊ុនចំនួន៣ គឺសុទ្ធតែក្រុមហ៊ុនគ្រាក់ៗ ធំៗ ថែមទាំងមានឆ្អឹងខ្នងដែកថែបទៀតផង ។យោងតាមប្រភពជាផ្លូវការដែលស្ថិតនៅក្បែច្រករបៀងខាងលើបាននិយាយថា ស្ទើតែ
រាល់យប់ គេសង្គេតឃើញថា មានរថយន្តប្រភេទយីឌុបទាំងខ្សែៗ បានបើកឆ្លងដែន
ចូលតាមច្រកព្រះពុទ្ធនេះ មកកាន់ទឹកដីស្រុកកំរៀង ដោយមានដឹកនូវប្រភេទមាន់ថៃ
ពេញៗទ្រុងរថយន្តទៀតផង ដែលបញ្ហានេះគេកំពុងសង្ស័យថាអាចមានភាពមិនប្រក្រតី
ចំពោះក្រុមហ៊ុនចំនួន៣ ដែលមានច្បាប់អនុញ្ញាតអោយនាំមាន់ចូលតាមច្រកខាងលើនេះ។
សមត្ថកិច្ចមួយរូបដែលឈរជើងនៅត្រង់ចំណុចខាងលើ ហើយលោកសុំមិនបញ្ចេញឈ្មោះ
បានខ្សិបប្រាប់កម្ពុជាថ្មីថា គេមិនដែលឃើញក្រុមហ៊ុនទាំងនេះនាំសត្វមាន់ចូលនៅពេលថ្ងៃ
សោះឡើយ លើកលែងតែម្តងម្កាលដោយសារតែរថយន្តបែកកង់ ឬក៏រថយន្តខូចនៅតាមផ្លូវ
នៅក្នុងទឹកដីថៃ នោះទើបមានការយឺតយ៉ាវ ហើយមកឆ្លងដែននៅពេលថ្ងៃ ។
ប្រភពដដែលបានបន្តទៀតថា រាល់សកម្មភាពខាងលើនេះ ក្រុមហ៊ុននីមួយៗ ប្រាកដជា
មានអ្វីម្យ៉ាងក្នុងការដឹកនាំមាន់ថៃឆ្លងដែននៅពេលយប់បែបនេះ ពិសេសគឺការបង្កើន
នូវបរិមាណ ដោយសារតែគ្មានមន្ត្រីជំនាញឈរជើងនៅតាមបណ្តាច្រកទាំងនោះឡើយ
ដូច្នេះហើយបានជាគេអាចធ្វើព្យុះ ធ្វើភ្លៀងបានយ៉ាងងាយ ព្រោះនៅក្នុងក្រុមហ៊ុនទាំងនោះ
គឺមានភរិយារបស់លោក អភិបាលរងខេត្ត ជៀម ច័ន្ទសោភ័ណ ដែលមានសេនាដៃស្តាំដ៏វិសេសមួយគឺជាមន្ត្រីប៉ូលីសឈ្មោះ កេត សេរីរ័ត្ន ហើយក៏មានលោក សារៈ មុន្នី ដែលបានដាក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយទៀតផងដែរ ក្រៅពីការងារជាពិធីករនៅក្នុងស្ថានីយ៍វិទ្យុមួយ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ប៉ែន សុីថា ប្រធានការិយាល័យ ផលិកកម្ម និងបសុព្យាបាល
នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ្រ បានលើកឡើងថា ក្រុមហ៊ុនដែលមានច្បាប់
អនុញ្ញាតនាំមាន់ថៃចូលតាមច្រករបៀងព្រះពុទ្ធ គឺមាន៣ក្រុមហ៊ុន ១ ក្រុមហ៊ុន អុឹម នាញ
២ ក្រុមហ៊ុម វី អេស ប្រាយប្រាឌ័រ និង ៣ ក្រុមហ៊ុន រស្មីសោភ័ណ ។
លោកបានសង្កត់ធ្ងន់ថា កំលាំងរបស់លោកពុំមានសិទ្ធឈរជើងនៅតាមច្រកព្រំដែនឡើយ
ដូច្នេះគឺអាចត្រួតពិនិត្យបាននៅពេលដែលពួកគេឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជាហើយ
ចំណែកការនាំចូលថ្ងៃ ឬយប់ គឺលោកមិនបានជ្រាបទេរាល់បញ្ហានេះ ។
បើតាមប្រភពក្រៅផ្លូវការមួយចំនួនបានបង្ហើបអោយដឹងថា ការនាំសត្វមានថៃចូលមក
បានយ៉ាងរលូនតាមច្រកព្រះពុទ្ធនេះ គឺជាសកម្មភាពមួយដែលអាចត្រូវរ៉ូវគ្នាជាប្រព័ន្ធ
ទើបអាចមានភាពងាយស្រួលបែបនេះ បើពិតយ៉ាងនេះមែនគួរណាស់តែអង្គភាពជំនាញ
ចាត់វិធានការយ៉ាងតឹងរឹងមួយទៅលើក្រុមហ៊ុនទាំងនេះ ជៀសវាងនូវការរិះគន់ពីសំណាក់
ប្រភពទាំងឡាយដែលគេសង្ស័យថាអាចមានអាំងប៉ាវក្រោមតុ ៕