ខេត្តកំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយក្រីក្រម្នាក់បានដាក់ពាក្យបណ្តឹងទៅលោកមេឃុំសុំយកដីស្រែលក់ដោយខ្លួន ឯង បន្ទាប់ពីម្ចាស់បំណុលបានឃុបឃិតជាមួយលោកមេភូមិ ដកហូតយកដីស្រែរបស់ខ្លួនចំនួន៣ហិកតា លើសលុយដែលគាត់ជំពាក់ដល់ទៅជាង៣ពាន់ដុល្លា។
នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ អ្នកយកព័ត៌មានយើងបានជិះរថយន្ត និងជិះកាណូតដរឆ្លងទន្លទៅជួប ស្ត្រីមេម៉ាយក្រីក្រឈ្មោះ ឌុច សឿន អាយុ ៦៣ឆ្នាំ រស់នៅភូមិពាមពពេជ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយគាត់បាននិយាយអោយដឹងថា៖ នៅក្នុងឆ្នាំ២០១២គាត់បានធ្វើលិខិតស្នាមជាមួយលោក ហែម សម្បត្តិ មេភូមិពាមពពេជ ដាក់ដីស្រែ៣ហិកតាបញ្ចាំយកប្រាក់ពីស្រីឈ្មោះ ម៉ម ចន្ថា រស់នៅខណ្ឌ័ដង្កោរ រាជធានីភ្នំពេញ ចំនួន ១.០០០ដុល្លា ដោយមានការប្រាក់ដំបូងតែ១៦០ម៉ឺនរៀលក្នុង១ឆ្នាំប៉ុណ្ណោះ គឺការប្រាក់ជាង៣ភាគរយ។
ក្រោយពីបានខ្ចីប្រាក់គេមកនៅក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ គាត់បានសងការប្រាក់គេតាមការកំណត់រួចហើយ ដោយឡែកនៅក្នុងឆ្នាំ២០១៤ម្ចាស់ប្រាក់ក៏បានតម្រូវអោយគាត់បង់ការប្រាក់ប្រចាំខែវិញក្នុង១ខែៗ ៣២ម៉ឺនរៀល បើគិតទៅក្នុង១ឆ្នាំការប្រាក់សរុបចំនួន៣៨៤ម៉ឺនរៀល ជិតស្មើនិងប្រាក់ដើម១ពាន់ដុល្លា ពេលនោះគាត់គ្មានលទ្ធភាពបង់ការប្រាក់អោយគេទេ។ បន្ទាប់មកនៅក្នុងឆ្នាំ២០១៥ ម្ចាស់ប្រាក់បានឃុបឃិតជាមួយលោក ផាន់ សាម៉ន មេភូមិពាមពពេជថ្មី កាត់យកដីស្រែរបស់គាត់មិនអោយគាត់ដឹងឡើយ ព្រោះថានៅពេលគាត់ចង់លក់ដីស្រែគាត់យកប្រាក់មកសងឈ្មោះ ម៉ម ចន្ថា ស្រាប់តែគេប្រា
ប់ថា ដីស្រែគាត់ត្រូវបានឈ្មោះ ម៉ម ចន្ថា កាត់យកហើយ គាត់មិនអាចលក់បានទេ។
ស្ត្រីឈ្មោះ ឌុច សឿន បានអោយដឹងទៀតថា៖ តាមការគិតទាំងការប្រាក់ដែលគាត់មិនបានបង់អោយគេជាង១ឆ្នាំ និងប្រាក់ដើម មកដល់ថ្ងៃនេះមានចំនួនតែ២.៥០០ដុល្លាតែប៉ុណ្ណោះ ចំណែកឯដីស្រែគាត់៣ហិកតាមានគេធ្លាប់អោយថ្លៃ៦.០០០ដុល្លាឯណោះ ដូច្នេះឈ្មោះ ម៉ម ចន្ថា កាត់យកដីស្រែគាត់លើសប្រាក់ដែលគាត់ជំពាក់ជាង៣.០០០ដុល្លា។
ហេតុនេះហើយទើបនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះគាត់បានធ្វើពាក្យប្តឹងដាក់ជូនទៅលោក ចិន ផាន់ណា មេឃុំកោះថ្កូវដើម្បីសុំសិទ្ធលក់ដូរដីស្រែរបស់គាត់ដោយខ្លួនឯង យកប្រាក់សងអោយឈ្មោះ ម៉ម ចន្ថា វិញ។ រឿងនេះគាត់ស្នើសុំលោកមេឃុំ លោកចៅហ្វាយស្រុក និងលោកចៅហ្វាយខេត្តជួយដោះស្រាយជូនគាត់ផង។ ទាក់ទងនិងរឿងខាងលើនេះ លោក ផាន់ សាម៉ន មេភូមិពាមពពេជថ្មី ពេលអ្នកយកព័ត៌មានយើងទូរសព្ទ័សុំជួបលោកថាជាប់ប្រជុំ និងសួរថាពេលណាទើបអោយជួបបាន!! លោកឆ្លើយថាមិនចង់ជួបទេ!! រួចលោកក៏បិតទូរសព្ទ័រហូតតែម្តងនៅល្ងាចថ្ងៃទី០៤ ខែសីហា នេះ។ ចំណែកលោក ចិន ផាន់ណា មេឃុំកោះថ្កូវ បានអោយដឹងថា៖ ក្នុងរឿងខាងលើនេះលោកមិនបានដឹងទេ បើស្ត្រីជាកូនបំណុលដាក់ពាក្យបណ្តឹងមក លោកនិងហៅភាគីទាំង២ រួមទាំងលោកមរភូមិពាមពពេជ មកសម្របសម្រួលដោះស្រាយតាមសំណូមពររបស់កូនបំណុល ហើយម្យ៉ាងទៀតជំពាក់ប្រាក់ត្រូវសងប្រាក់ គេមិនអាចកាត់យកដីស្រែដោយខ្លួនឯងបានទេ រឿងនេះមានតែតុលាការទេទើបសំរេចបាន៕