ឧត្តរមានជ័យ៖ ក្មេងស្រីម្នាក់អាយុ៣ឆ្នាំស្លាប់ដោយសារសុីទែនទឹករលំសង្កត់លើ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ហើយក្មេងស្រីរងគ្រោះបានស្លាប់នៅវេលាម៉ោង១និង១៥នាទី រំលងអាធ្រាចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះ មានឈ្មោះ គៀ ដាវ ភេទស្រី អាយុ៣ឆ្នាំ ឪពុកឈ្មោះ យី ដូង ភេទប្រុស អាយុ៣១ឆ្នាំ ម្តាយឈ្មោះ សន ង៉ែត ភេទស្រី អាយុ៣២ឆ្នាំ(មុខរបរធ្វើស្រែ)រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយបានរស់នៅក្នុងផ្ទះជួលរបស់ឈ្មោះ ប៊ូ ភា ភេទ ប្រុសអាយុ៦០ឆ្នាំ(ម្ចាស់សុីទែនទឹក)រស់នៅភូមិ ឃុំ កើតហេតុខាងលើ។តាមការរៀបរាប់ពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ខណ:រូបគាត់កំពុងលាងសាច់បំរ៉ុងធ្វើម្ហូប នៅក្បែរសុីទែនទឹក កូនស្រីរបស់គាត់ក៏បានមកតាមនិងអង្គុយលេងក្បែរពាងទឹកក្រោមសុីទែននោះ បន្តិចក្រោយមកក៏ស្រាប់តែឮសម្លេងលាន់ប្រឹបៗពីឈើទម្ររសុីទែន ដោយសកម្មភាពរលំលឿនពេក រូបគាត់មិនអាចជួយកូនរបស់ខ្លួនបានព្រោះកូននៅពីក្រោមសុីទែនតែម្តង ហើយរូបគាត់នៅបញ្ឆិតបន្តិចទើបរត់គេចរួច ចំណែកកូនត្រូវសរសរសុីទែននោះ សង្កត់ចំពាក់កណ្តាលខ្លួន។បន្ទាប់ពីនាំគ្នាលើកក្មេងស្រីរងគ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង តែមិនអាចជួយសង្គ្រោះបាន ដោយសារស្ថានភាពធ្ងន់ធ្ងរពេក។បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕