ដោយៈខេង ឧត្តម
សៀមរាប៖ ប៉េអឹមពាក់ស័ក្តិ៤ខេត្តកំពង់ធំម្នាក់ ដែលមានតួនាទីជាជំនួយការ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំផងនោះ បានត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើសៀមរាប ចាប់ក្របួចវាយខ្នោះរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីជននេះបើកឡានរបស់ខ្លួន កាងឡានដឹកឈើគ្រញូង រាំងផ្លូវសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។
ហេតុការណ៏ ធ្វើឡើងចាប់ពីម៉ោង៤ទាបភ្លឺ ថ្ងៃទី៩ខែសីហាឆ្នាំ២០១៦ តាំងពីចំណុចស្រុកបន្ទាយស្រី រហូតដល់ម៉ោង៥និង៣០នាទីព្រឹកថ្ងៃដដែល ទើបចាប់បាននៅចំណុចផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទបាគងនៃខេត្តសៀមរាប។
មន្ត្រីប៉េអឹមដែលត្រូវចាប់ឃាត់ខ្លួននោះ មានឈ្មោះសេង ប៊ុនតេង មានថានន្តរៈស័ក្តិវរសេនីយ៏ត្រី មានតួនាទីជាជំនួយការ លោកឧត្តមសេនីយ៏ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ពីមុន ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំម្នាក់បានបង្ហើបប្រាប់ថាបច្ចុប្បន្ន នេះ លោក សេង ប៊ុនតេង បន្ទាប់ពីមានរឿងរាងច្រើនមកត្រូវបានដក ជា នាយកងរាជអាវុធហត្ថរងចាំ។
លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា មូលហេតុដែលឈានទៅដល់ការចាប់ឃាត់ខ្លួនលោកប៉េអឹមស័ក្តិ៤នេះ ដំបូងសមត្ថកិច្ចបានស្ទាក់ចាប់រថយន្ត ដឹកបទល្មើសព្រៃឈើ១គ្រឿង(ដឹកឈើគ្រញូង) ខណៈនោះលោកស័ក្តិ៤ប៉េអឹមរូបនេះ បានបើករថយន្តធុនលិចស៊ិស ៤៧០ពាក់ស្លាកលេខភ្នំពេញ 2L 9861 ពណ៏ខ្មៅរបស់ខ្លួន មកពាំងពីមុខរថយន្តសមត្ថកិច្ច។ រថយន្តលោកប៉េអឹម១គ្រឿងនេះបើករ៉េពេញថ្នល់ ពាំងឆ្វេងស្តាំធ្វើឲ្យរថយន្តសមត្ថកិច្ចចំនួន៣គ្រឿង មិនអាចឡើងស្ទាក់ចាប់រថយន្តដឹកបទល្មើសបាន។ ក្នុងគ្រាដែលសមត្ថកិច្ចនៅតែបន្តដេញចាប់ រថយន្តដឹកបទល្មើស ប៉េអឹមរូបនេះបានហៅរថយន្តបក្ខពួករបស់គេ ១គ្រឿងទៀតម៉ាកកាមរីឆ្លាម មកជួយរាំងផ្លូវរហូតរថយន្តដឹកបទល្មើសរត់គេចបាត់។ លោកបន្តថា ក្នុងស្ថានការនោះតំណាងអយ្យការអមសាលាដំបូងខេត្តបញ្ជាឲ្យចាប់រថយន្តដែលរារាំង ដំណើរការបង្ក្រាបបទល្មើសរបស់សមត្ថកិច្ច ហើយក្រុមសមត្ថកិច្ចក៏បានដេញស្ទាក់ចាប់រថយន្តឡិចស៊ិសរបស់ប៉េអឹមរូបនេះ ពេញក្រុងសៀមរាប រហូតដល់ចំណុច ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងទើបចាប់បាន។
លោកនាយផ្នែកបន្តថា ក្នុងពេលចាប់ឃាត់ខ្លួនមន្ត្រីប៉េអឹមខាងលើនេះ គឺបានដកហូតរថយន្តឡិចស៊ិស៤៧០មួយគ្រឿង អាយកូម១គ្រឿង ស្រោមកាំភ្លើងខ្លីចំនួន២ ខ្នោះដៃចំនួន២ សាងគ្រាប់កាំភ្លើងចំនួន៣ គ្រាប់កាំភ្លើងខ្លីម៉ាកឡុក១៤គ្រប់ និងកង់សាគួរថយន្តចំនួន២។ ជនជាប់សង្ស័យ ក្រោយពេលសាកសួរនិងធ្វើកំណត់ហេតុហើយ នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី៩ខែសីហានេះ ព្រមទាំងវត្ថុតាងដែលដកហូតផង ដើម្បីចាត់ការបន្ត។
ក្រោយពេលចាប់ខ្លួនលោកស័ក្តិ៤ប៉េអឹមឈ្មោះសេង ប៊ុនតេង ក៏ធ្លាយព័ត៏មានថា ប៉េអឹមរូបនេះក្រៅពីចេញចាប់បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗដើម្បីទារប្រាក់ នៅក្នុងទឹកដីខេត្តកំពង់ធំ រូបគេក៏ជាមេខ្លោងដ៏ធំម្នាក់ដែលតែងតែយកតួនាទី ទៅកាងរថយន្តដឹកបទល្មើសឈើគ្រញូង ពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាបផងដែរ ដោយនាំយកទៅកាន់ព្រំប្រទល់ប្រទេសវៀតណាមឯខេត្តត្បូងឃុំ។ ការនាំក្បួនរថយន្តដឹកបទល្មើសព្រៃឈើ របស់លោកប៉េអឹមឈ្មោះសេង ប៊ុនតេង ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ ក៏ធ្លាប់បង្កគ្រោះថ្នាក់ រហូតបាត់បង់ជីវិតមនុស្សផងដែរ។ មិនតែប៉ុណ្ណោះក្បួនរថយន្តដឹកឈើគ្រញូងរបស់គេ ក៏ធ្លាប់ជួបប្រទូសសារ៉ាយ ជាមួយសមត្ថកិច្ចតាមដងផ្លូវ ក្នុងខេត្តចំនួន៣ខាងលើ។ ក៏ប៉ុន្តែរាល់ពេលកើតហេតុ ម្តងណាក៏រូបគេជួបសំណាងល្អរហូត ដោយសាតែសមត្ថកិច្ចតាមដងផ្លូវទាំងនោះ ខ្លាចអំណាចអ្នកនៅក្រោយខ្នងលោកស័ក្តិ៤រូបនេះ៕