ភ្នំពេញ ៖ យុវជន២នាក់បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ខណៈមកដល់ស្ដុបជាផ្លូវកែងក៏បានជ្រុលទៅបុកនិងម៉ូតូរ៉ឺម៉កកង់៣មួយគ្រឿងបណ្ដាលអោយរងការខូចខាត ហើយរងរបួសស្រាល ថែមទាំងមានការទាស់ពាក្យសំដីគ្នាមួយប្រាវបង្កអោយការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ
ចោមរោមមើល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីនៅត្រង់ចំណុចស្ដុបBS ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-5490 ដែលជិះធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចស្ដុបBS កែងនិងផ្លូវកម្ពុជាក្រោមក៏បានជិះជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់៣មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AJ-3711 បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីត្បូងទៅជើង បណ្ដាលអោយម៉ូតូហុងដាឌ្រីមបុករ៉ឺម៉កកង់៣ចំពេញទំហឹង ធ្វើអោយម្ចាស់ម៉ូតូកង់៣បោកក្បាលផ្ទប់និងម៉ូតូបែកក្បាលហូរឈាម ហើយចំណែកយុវជនទាំង២នាក់ដែលជិះម៉ូតូហុងដាឌ្រីម ក៏រងរបួសរលាត់ដៃរលាត់ជើងផងដែរ ។
បន្ទាប់ពីកើតហេតុយុវជនទាំង២នាក់នោះបានទាស់ពាក្យសំដីជាមួយម្ចាស់រ៉ឺម៉កម៉ូតូកង់៣មួយប្រាវថាខ្លួនជិះត្រូវ ថែមទាំងយុវជនម្នាក់ដែលជិះពីក្រោយចង់ដុតរ៉ឺម៉កកង់៣ចោលទៀត ភ្លាមៗនោះក៏មានប្រជាពលរដ្ឋចោមរោមមើលហេតុការណ៍ជាច្រើន ឃើញថាយុវជន២នាក់នោះស្រវឹងជិះម៉ូតូមកបុករ៉ឺម៉កកង់៣ ទើបប្រជាពលរដ្ឋជួយនិយាយធ្វើអោយយុវជន២នាក់នោះតមាត់លែងកើត ថែមទាំងអោយភាគីម្ចាស់ម៉ូតូចេញថ្លៃខូចខាតនិងព្យាបាលដល់ម្ចាស់រ៉ឺម៉កកង់៣ចំនួន៤០ដុល្លារថែមទៀត ប៉ុន្តែដោយគ្មានលុយគ្រប់ទើបសំរេចលើកម៉ូតូដាក់លើរ៉ឺម៉កង់៣ ដឹកជូនយុវជនបង្កទៅហាងបញ្ចាំដើម្បីបញ្ចាំរបស់ យកលុយចេញថ្លៃខូចខាតនិងព្យាបាលរបួសម្ចាស់រ៉ឺម៉ក់កង់៣ដើម្បីបញ្ចប់រឿង៕