ខេត្តកំពង់ឆ្នាំង៖ រថយន្តម៉ាកឡិចស៊ីស៥៧០ផ្ទាល់ខ្លួនរបស់ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានរថយន្តម៉ាកកាមរីប្រជាវ បុកពីក្រោយ បណ្តាលអោយកំពិតបែកផ្នែកខាងក្រោយ ចំណែករថយន្តកាមរីក៏បានខ្ទេចផ្នែកខាងមុខផងដែរខណៈពេលដែលរថយន្ត ឯកឧត្តមអភិបាលខេត្ត ស្ថិតក្នុងក្បួន របស់ ប្រមុខរាជរដ្ឋាភិបាល បង្អង់ល្បឿនឈប់ ។ ហេតុការណ៍នោះបានកើតឡើងនៅម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសាលាវិទ្យាល័យបរិបូណ៌ត្បូង ឃុំពន្លៃ ស្រុកបរិបូណ៌។
សមត្ថកិច្ចនគរបាលចរាចរណ៍ ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ មុនពេល កើតហេតុ រថយន្ត
ម៉ាកឡិចស៊ី ៥៧០ របស់ឯក ឧត្តម អភិបាលខេត្ត បានធ្វើដំណើរក្នុងក្បួន ប្រមុខរាជរដ្ឋាភិបាល លុះមកដល់ចំណុចកើតហេតុ រថយន្តបានបង្អង់ល្បឿន បំណងឈប់ ក៏ស្រាប់ តែត្រូវរថយន្ត កាមរី ប្រជៀវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF 2532 ដែលបើកបរដោយ យោធាម្នាក់ឈ្មោះ ងួន សំណាង មានឋានន្តរសក្តិ ពលបាលឯក បានបើកមកពីក្រោយក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុក ពីក្រោយរថយន្តឯកឧត្តម អភិបាលខេត្ត បណ្តាលអោយកំពិត និងបែកពីក្រោយ ចំណែករថយន្តបង្ករបាន កំពិតនិងបែកពីខាងមុខ ដែរ តែពុំមានអ្នកណាម្នាក់ រងរបួសក្នុងហេតុការណ៍នេះទេ ។ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត នាំយកមករក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី ចំណែករថយន្តឯកឧត្តម អភិបាលខេត្ត បានបន្តដំណើរ ទៅខេត្តពោធិសាត់ ជាបន្តទៀត ព្រោះកំពុងជាប់ភារកិច្ចជូនដំណើរក្បួនរបស់ប្រមុខរាជរដ្ឋភិបាល ៕