បន្ទាយមានជ័យ:កូនដើមក្រដាស៥០០០ដើមនិងកូនដើមឈើទាលជាច្រើនដើមទៀត ជាអំណោយរបស់ក្រុមហ៊ុន ផេភើរ ទ្រី ខេបូឌៀ និងរដ្ឋបាលព្រៃឈើ ត្រូវបានរដ្ឋបាលស្រុក លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ដាំអមសងខាងផ្លូវចូលប្រជុំជនស្រុកភ្នំស្រុកក្នុងភូមិស្រះជីក ឃុំស្រះជីក។
ឯកឧត្ដម ឡៃ គិមលី ប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រុក លោក ស្រី ចាន់ថេង អភិបាលរងខេត្តបន្ទាយមានជ័យ លោក យិម សំណាង អភិបាលស្រុកភ្នំស្រុក និងរដ្ឋបាលមូលដ្ឋានចូលរួម។លោក យិម សំណាង អភិបាលស្រុកភ្នំស្រុកនិយាយថា: ដើម្បីចូលរួមប្រឡង ប្រណាំងស្រុកក្រុង-ឃុំសង្កាត់ស្អាត ហើយស្របស្រុកនេះមានរម្មណ៍ដ្ឋានអាងត្រពាំងថ្មផងនោះ ស្រុកបានស្នើរសុំក្រុមហ៊ុន ផេភើរ ទ្រី ខេបូឌៀ និងរដ្ឋបាលព្រៃឈើ នូវកូនក្រដាស ៥០០០ដើមនិងកូនឈើប្រណិតជាច្រើនដើមទៀត ដើម្បីដាំសងខាងផ្លូង ចូលប្រជុំជនស្រុកបង្កើនបរិស្ថានថែមទៀត។
លោក តិក សុភ័ក្រ តំណាងក្រុមហ៊ុន ផេភើរ ទ្រី ខេបូឌៀ និយាយថា: ដើម្បីចូលរួមរក្សាបរិស្ថានល្អបរិសុទ្ធ ក្រុមហ៊ុនបានប្រគល់ជូនកូនឈើក្រដាស៥០០០ដើម ជុំហ៊ានទី១ ហើយជុំហ៊ានបន្តបន្ទាប់ទៀត និងប្រគលជូនរហូតគ្រចំនួន ១៥០០០ ដើម ទៅតាមតំណាក់កាល ដើម្បីដាំតាមដងផ្លូវ និងរម្មណីអាងត្រពាំងថ្ម។លោក តិក សុភ័ក្រថា:ក្រុមហ៊ុន មានលក់កូនក្រដាសជូនអតិថិជនដាំតាមតម្រូវការ ក្នុង១ដើម ៣រយរៀល ហើយទទួលទិញវិញនៅពេលដើមក្រដាសធំពេញវ័យរយះពេល៣ឆ្នាំ អាចលក់បានទៅតាមតម្លៃទីផ្សា។លោកស្រី ចាន់ថេង អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ សាទរចំពោះការចូលរួមដាំដើមឈើ របស់រដ្ឋបាលស្រុកភ្នំស្រុក កងកម្លាំងទាំងបី ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងរក្សានូវការចូលរួមនេះ ដើម្បីមូលដ្ឋានយើងមានបរិស្ថានល្អ និងជាទីប្រជុំជនបៃតង៕ដោយ: ឃិន គន្ធា