បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ បានប្រតិបត្តិការបង្ក្រាបការនាំចូលរថយន្តចង្កូតស្តាំសេរីថ្មីចំនួន២គ្រឿង ពីប្រទេសថៃដោយឆ្លងដែនខុសច្បាប់ ឃើញគ្រឿងញៀន៥កញ្ចប់ និងកាំភ្លើង២ដើម ជាមួយនិងការឃាត់ខ្លួនជនសង្ស័យ ជាអ្នកបើករថយន្តម្នាក់ ។
លោក សិទ្ធ ឡោះ ស្នងការរងកណ្តាលយុត្តិធម៌នៃស្នងការនគរបាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយទទួលបានការបញ្ជាពីលោកឧត្តសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយអោយលោកដឹកនាំកម្លាំងបង្ក្រាបការនាំចូលរថយន្ត ចង្កូតស្តាំពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀង កម្លាំងជំនាញរបស់លោក បានឈានដល់ការបង្ក្រាបបានរថយន្តចំនួន២គ្រឿង ដែលរថយន្តមួយគ្រឿងជារថយន្តសេរីឆ្នាំ២០១៦ និងមួយគ្រឿងទៀតជារថយន្តកាមរីសេរីចាស់ នៅចំនុចភូមិទំនុបដាច់ ឃុំអូរបីជាន់ ស្រុងអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកបន្តថា ការបង្ក្រាបរថយន្តចង្កូតស្តាំនេះសមត្ថកិច្ចបានរកឃើញកាំភ្លើងខ្លីចំនួន២ដើម និងថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ពណ៌ក្រហម ចំនួន៥កញ្ចប់ (រាប់រយគ្រាប់) និងឃាត់ខ្លួនជនសង្ស័យជាអ្នកបើករថយន្តម្នាក់ផងដែរ ។ ចំពោះ ជនសង្ស័យម្នាក់ និងវត្ថុតាម មាន រថយន្ត ថ្នាំញៀន និងកាំភ្លើង ត្រូវបានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្ននេះនគរបាលកំពុងស្រាវជ្រាវរកជនពាក់ព័ន្ធបន្ថែមទៀត ដែលធ្វើការនាំចូលរថយន្តចង្កូតស្តាំដោយខុសច្បាប់ ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់អាវុធដោយខុសច្បាប់នេះតែម្តង ។
សូមបញ្ចាក់ថា រថយន្តចង្កូតស្តាំបន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតអោយមានការបង់ពន្ធគេឃើញថា នៅតាមបណ្តាខេត្តជាប់ព្រំដែនមួយចំនួនដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តប៉ៃលិន គឺមានរថយន្តចង្កូតស្តាំសេរីទំនើប ៗ ឆ្នាំ២០១៤-២០១៥-២០១៦ បានលួចនាំចូលពីប្រទេសថៃធ្វើចរាចរយ៉ាគគ្រឹកគគ្រេងតាមបណ្តាខេត្តជាប់ព្រំដែនទាំងនេះ ។ ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ ការលួចនាំចូលរថយន្តចង្កូតស្តាំងខុសច្បាប់ នេះតែងត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបជាបន្តបន្ទាប់ ៕